ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ការអភិវឌ្ឍសហគមន៍នេសាទឱ្យប្រែក្លាយជាកន្លែងទេសចរណ៍គឺដើម្បីកែប្រែជីវភាពរបស់ពលរដ្ឋក្នុងតំបន់ឱ្យកាន់តែប្រសើរ

មានប្រសាសន៍ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេរ ដែលមាន សហគមន៍នេសាទព្រែកត្នោត, ត្រពាំងរពៅ, ត្រពាំងសង្កែ, កំពង់សាមគ្គី ក្នុងខេត្តកំពត និងសហគមន៍នេសាទ អូក្រសារខេត្តកែប នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅសហគមន៍នេសាទព្រែកត្នោត ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានលើកឡើងថា ក្រោយពីប្រទេសកម្ពុជាងើបពីគំនរផេះផង់ ហើយទទួលបានសុខសន្តិភាពដែលយកមកដោយលំបាកពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជាត្រូវបានអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ ហើយការអភិវឌ្ឍនេះក៏បានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា ទន្ទឹមនឹងការអភិវឌ្ឍប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតគូរជានិច្ចចំពោះសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសបានជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់បណ្តាខេត្ត-ក្រុង ត្រូវកែច្នៃអភិវឌ្ឍន៍តំបន់នានាក្នុងមូលដ្ឋានខ្លួនឱ្យមានភាពទាក់ទាញ ក្នុងន័យដើម្បីប្រជាពលរដ្ឋអាចទទួលផលពីតំបន់នោះ ហើយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានបន្តថា ការអភិវឌ្ឍសហគមន៍នេសាទឱ្យប្រែក្លាយជាកន្លែងទេសចរណ៍ គឺមានគោលដៅមួយចំនួនដូចជា៖ ចង់ឱ្យបងប្អូនប្រជានេសាទមានចម្រើសច្រើនក្នុងការប្រកបមុខរបរ, មានចំណូលជាប្រចាំ, មានប្រាក់សន្សំ, កាត់បន្ថយបំណុលគ្រួសារ, មានផ្ទះសំបែងរស់នៅសមរម្យ, មានម្ហូបអាហារគ្រប់គ្រាន់ ពិសេសអាចបញ្ជូនកូនៗទៅសិក្សា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ក្រោយពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេររួចរាល់ ប្រជានេសាទនឹងទទួលបានផលពីវិស័យទេសចរណ៍នេះ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដោយផ្អែកលើចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ និង ២០៥០ ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

តាមការឱ្យដឹងពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតមានសហគមន៍នេសាទចំនួន៩ ក្នុងនោះមាន៖ សហគមន៍នេសាទត្រពាំងរពៅ, សហគមន៍នេសាទព្រែកត្នោត, សហគមន៍នេសាទចង្ហោន, សហគមន៍នេសាទកែបថ្មី, សហគមន៍នេសាទទទឹងថ្ងៃ, សហគមន៍នេសាទត្រពាំងសង្កែ, សហគមន៍នេសាទកំពង់សាមគ្គី, សហគមន៍នេសាទកោះគ្រឹះស្នា និងសហគមន៍នេសាទលក។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ការបង្កើតឱ្យមានសហគមន៍នេសាទនេះ គឺជាគោលបំណងរបស់រាជរដ្ឋាភិបាលនៅក្នុងការផ្ទេរសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ឱ្យចូលរួមគ្រប់គ្រងធនធានជលផលនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយចិរភាព និងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ ហើយឈានទៅចាត់ទុកថាខ្លួនជាម្ចាស់ផ្ទាល់លើធនធានទាំងនោះ ដើម្បីទទួលបានផលប្រយោជន៍ពីធនធានទាំងនោះប្រកបដោយសមធម៌៕

 

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត