អភិបាលខេត្តព្រះសីហនុ ដាក់ចេញទិសដៅពង្រឹងសេវាសុខាភិបាលបឋម និងជំរុញការលុបបំបាត់បទល្មើសឆបោកអនឡាញឱ្យអស់ត្រឹមខែមេសា !

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទូទាំងខេត្ត ឱ្យបន្តខិតខំលើកកម្ពស់គុណភាពសេវា ជាពិសេសការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម បានថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្ត បានលើកឡើងនូវចំណុចប្រឈមសំខាន់ៗចំនួន ៤ ដែលត្រូវដោះស្រាយ៖
១.យន្តការគ្រប់គ្រង៖ ភាពមិនទៀងទាត់នៃកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC)។
២.សុខភាពយុវជន៖ ការកើនឡើងករណីឆ្លងមេរោគអេដស៍ថ្មីក្នុងចំណោមយុវវ័យ (អាយុ ១៤-២៥ ឆ្នាំ)។
៣.សេវាឯកជន៖ ការកើនឡើងនៃសេវាសុខាភិបាលឯកជនដែលខ្វះការត្រួតពិនិត្យ។
៤.ជំងឺមិនឆ្លង (NCD): ការមកទទួលសេវាស្រាវជ្រាវជំងឺមិនឆ្លងនៅតាមមណ្ឌលសុខភាពនៅមានកម្រិត។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ មន្ទីរសុខាភិបាលនឹងពង្រឹងអភិបាលកិច្ច ធ្វើទំនើបកម្មទិន្នន័យឌីជីថល បង្កើនការចុះផ្សព្វផ្សាយតាមខ្នងផ្ទះ និងពង្រឹងការធ្វើអធិការកិច្ចរួមគ្នាជាមួយអាជ្ញាធរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ស្រប តាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វិស័យសុខាភិបាលត្រូវតែ៖
• ពង្រីកការគ្របដណ្តប់សេវាសុខភាពជាសាកល ដើម្បីឱ្យពលរដ្ឋគ្រប់រូប ជាពិសេសអ្នកក្រីក្រ ទទួលបានការព្យាបាលដោយសមធម៌។
• យកចិត្តទុកដាក់លើសុខភាពមាតា ទារក និងកាត់បន្ថយអត្រាស្លាប់ដោយជំងឺមិនឆ្លង។
• បុគ្គលិកសុខាភិបាលត្រូវប្រកាន់ខ្ជាប់នូវ “វិជ្ជាជីវៈ និងកិត្តិយស” ក្នុងការបម្រើប្រជាពលរដ្ឋ។
ឯកឧត្តម ក៏បានប្រកាសយ៉ាងមុឺងម៉ាត់ថា រាល់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Scams Online) ត្រូវតែបិទបញ្ចប់ និងលុបបំបាត់ឱ្យអស់ពីទឹកដីខេត្តព្រះសីហនុ ត្រឹមខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជូនពលរដ្ឋ និងវិនិយោគិន៕

សម្រួលអត្ថបទ៖ ម៉ារ៉ាឌី