សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំកម្មវិធីសង្ក្រាន្តសាមគ្គី និងអាហារសាមគ្គីជូនបងប្អូនជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពក្នុងខេត្តព្រះវិហារ និងសៀមរាប ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី
ក្នុងស្មារតីខ្មែរជួយខ្មែរ និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលជិតខិតជិតចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកម្មវិធីជួបជុំសាមគ្គីយ៉ាងអធិកអធម ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក កំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាពចំនួន ៣ ទីតាំង ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តសៀមរាប។
សកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យនេះ ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងនាំមកនូវភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងមិនទាន់អាចវិលត្រឡប់ទៅកាន់ភូមិឋានវិញបានក្នុងអំឡុងពេលនេះ។ កម្មវិធីនេះមិនត្រឹមតែជាការរៀបចំពិធីបុណ្យតាមទំនៀមទម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ និងការមិនបោះបង់បងប្អូនខ្មែរណាម្នាក់ឱ្យនៅឯកោក្នុងគ្រាអាសន្នឡើយ។
នៅក្នុងឱកាសនៃការជួបជុំនោះ ក្រុមការងារ ស.ស.យ.ក. បានរៀបចំឱ្យមានកម្មវិធីកម្សាន្តបែបប្រពៃណីយ៉ាងសម្បូរបែប រួមមាន៖ ការប្រគំតន្ត្រីស្គរដៃយ៉ាងរស់រវើក ការលេងល្បែងប្រជាប្រិយខ្មែរដែលជានិមិត្តរូបនៃសាមគ្គីភាព និងជាពិសេសគឺការសម្តែងល្ខោនបាសាក់ ដែលជាទម្រង់សិល្បៈបុរាណដ៏ពេញនិយម ដើម្បីញ៉ាំងឱ្យបរិយាកាសកាន់តែមានភាពកក់ក្តៅ និងសប្បាយរីករាយ។ បន្ថែមពីលើការកម្សាន្ត ក្រុមការងារក៏បានរៀបចំអាហារសាមគ្គីយ៉ាងឆ្ងាញ់ពិសា ដើម្បីពិសាជុំគ្នាដូចក្រុមគ្រួសារតែមួយផងដែរ។
តំណាងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ទោះបីជាបងប្អូនមិនទាន់អាចត្រឡប់ទៅភូមិឋានវិញបានដោយសារកត្តាចាំបាច់ ប៉ុន្តែយុវជនកម្ពុជានឹងមិនទុកឱ្យបងប្អូននៅរងារ ឬមានអារម្មណ៍ថាឯកោនោះទេ។ យើងប្តេជ្ញារួមគ្នាឆ្លងកាត់គ្រាលំបាកនេះជាមួយគ្នាជានិច្ច ក្នុងនាមជាឈាមជ័រខ្មែរតែមួយ។
កម្លាំងចិត្តដ៏ធំធេងដែលជំរុញឱ្យក្រុមការងារខិតខំបំពេញបេសកកម្មនេះ គឺបានឃើញនូវស្នាមញញឹម និងបានឮសំឡេងសើចក្អាកក្អាយប្រកបដោយក្តីសង្ឃឹមរបស់លោកយាយ លោកតា អ៊ុំ ពូមីង និងបងប្អូនជនភៀសសឹកទាំងអស់។ រូបភាពនៃសេចក្តីសុខក្នុងមណ្ឌលសុវត្ថិភាពនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព និងការរួមរស់ក្នុងសុខសន្តិភាព ទោះក្នុងកាលៈទេសៈណាក៏ដោយ។
គួរបញ្ជាក់ថា សកម្មភាពចុះសួរសុខទុក្ខ និងរៀបចំកម្មវិធីសង្ក្រាន្តតាមមណ្ឌលសុវត្ថិភាពនេះ គឺជាផ្នែកមួយនៃយុទ្ធនាការមនុស្សធម៌របស់ ស.ស.យ.ក. ដែលតែងតែឈរនៅក្បែរបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដើម្បីផ្តល់នូវភាពកក់ក្តៅ និងក្តីសង្ឃឹមដល់សហគមន៍ដែលរងគ្រោះ៕



