មន្ត្រីនៃក្រសួងព័ត៌មាន ១០រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការជំរុញការប្រើប្រាស់ និងអភិបាលកិច្ច AI ដើម្បីបង្កើនប្រសិទ្ធភាពការងារឌីជីថល
[ភ្នំពេញ]៖ ក្នុងគោលបំណងពង្រឹងសមត្ថភាពឌីជីថល និងធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ មន្រ្តីនៃក្រសួងព័ត៌មាន ១០រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការជំរុញការប្រើប្រាស់ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI Usage and Governance)» ដែលរៀបចំឡើងនៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ។
វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដោយមានការចូលរួមពីវាគ្មិនជំនាញៗដូចជា លោកបណ្ឌិត អ៊ិន សុវណ្ណ ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថលរដ្ឋាភិបាល និងក្រុមសាស្ត្រាចារ្យស្រាវជ្រាវនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
ខ្លឹមសារសំខាន់ៗនៃវគ្គបណ្តុះបណ្តាលរួមមាន៖ ១. ការយល់ដឹងពី AI និង Generative AI ដែលមានសក្តានុពលនៃបញ្ញាសិប្បនិម្មិតក្នុងការផ្លាស់ប្តូររបៀបធ្វើការងារក្នុងស្ថាប័នរដ្ឋឱ្យកាន់តែមានភាពវៃឆ្លាត។ ២. ការប្រើប្រាស់បច្ចេកទេស Prompt Engineering នៃឧបករណ៍ AI ទំនើបៗដូចជា ChatGPT, Google Gemini និង NotebookLM និង Napkin AI ដើម្បីជំនួយដល់ការសរសេរអត្ថបទព័ត៌មាន ការសង្ខេបរបាយការណ៍ និងការស្រាវជ្រាវទិន្នន័យ។ ៣. សិក្សាអំពីក្រមសីលធម៌នៃការប្រើប្រាស់ AI ការការពារឯកជនភាព និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ (Deepfakes) ដើម្បីធានាបាននូវសុវត្ថិភាពព័ត៌មានជាតិ។
វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុក «បច្ចេកវិទ្យាឌីជីថល» ជាមុំដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
តាមរយៈចំណេះដឹងដែលទទួលបាន មន្ត្រីទាំង១០រូប នឹងយកទៅប្រើប្រាស់ដើម្បីធ្វើបរិវត្តកម្មស្ថាប័ន ឱ្យក្លាយជាប្រព័ន្ធផ្សព្វផ្សាយឌីជីថលឈានមុខគេ ប្រកបដោយគុណភាព ទាន់ហេតុការណ៍ និងមានការទទួលខុសត្រូវខ្ពស់៕

អត្ថបទដោយ៖ លោក អាន ប្រុស មន្រ្តីនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា TVK


