លោកជំទាវ សេង សុមេត្តា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការ ងារ និងដាក់ទិសដៅយុទ្ធសាស្រ្តឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ ២០២៧-២០២៨

ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ជីវភាពក្រុម ការងារចុះមូលដ្ឋានក្រុងព្រះសីហនុ ប្រចាំត្រីមាសទី១។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលនៃគណៈអភិបាលក្រុង ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ និងក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ទាំង៤ ដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផល និងដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់។

លោកជំទាវ ប្រធានក្រុមការងារ
បានផ្តល់អនុសាសន៍ដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ត្រូវបន្តពន្លឿនការងារចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជា ពលរដ្ឋឱ្យបានឆាប់រហ័ស និងមានតម្លាភាព។ លោកជំទាវបានសង្កត់ធ្ងន់ថា ការផ្តល់បណ្ណកម្ម សិទ្ធិគឺជាការធានានូវសន្តិសុខផ្លូវច្បាប់លើការកាន់កាប់ដីធ្លី និងជួយលើកកម្ពស់ជីវភាពប្រជាជន។
ពាក់ព័ន្ធនឹងគម្រោងបំពាក់អំពូលសូឡាចំនួន ២៩៧គ្រឿង នៅក្នុងសង្កាត់ទាំង៤ ក្រុមការងារបានរាយការណ៍ពីវឌ្ឍនភាពនៃការ ដំឡើង។

លោកជំទាវបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនេះ ដែលមិនត្រឹមតែជួយបំភ្លឺផ្លូវសាធារណៈនៅពេលយប់ប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំងចូលរួមចំណែកកាត់បន្ថយបទល្មើសផ្សេងៗ និងបង្កើនសោភ័ណភាពក្នុងមូលដ្ឋានផងដែរ។

លោក ជំទាវបានរំឮកពីការប្តេជ្ញាចិត្តក្នុងការអនុវត្តយុទ្ធសាស្រ្តគន្លឹះរបស់រាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់លើសុខុមាលភាព និងសមត្ថភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តឱ្យដល់ទីប្រជុំជន និងតំបន់ដាច់ស្រយាល ជំរុញការប្ រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែមាន ប្រសិទ្ធភាព។

លោកជំទាវបានណែនាំឱ្យបន្តរៀបចំវេទិកាសាធារណៈឱ្យបានទៀងទាត់ ដើម្បីស្តាប់នូវរាល់ក្តីកង្វល់ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ។ នេះគឺជាស្ពានចម្លងដ៏សំខាន់រវាងថ្នាក់ដឹកនាំ និងរាស្ត្រ ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនៅនឹងកន្លែង។

លោកជំទាវ ក៏បានផ្តាំផ្ញើដល់មន្ត្រី និងក្រុមការងារទាំងអស់ ត្រូវបន្តចុះជាប់ជាមួយប្រជាពលរដ្ឋ បម្រើសេវាសាធារណៈឱ្យបានល្អ និងត្រូវក្តាប់ឱ្យជាប់នូវរាល់បញ្ហានៅតាមខ្នងផ្ទះ ដើម្បីកសាងជំនឿទុក ចិត្ត និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ។

អត្ថបទ៖ ស្រីមុំ