ទីក្រុងឆាងវ៉ុន បង្ហាញបំណងបង្កើនកិច្ចសហការក្នុងវិស័យវិនិយោគនៅខេត្តព្រះសីហនុ

នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងឯកឧត្តមអភិបាលដឹកនាំគណៈប្រតិភូខេត្ត ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ីម ដុង ស៊ប (Shim Dong Seop) អគ្គនាយកសេដ្ឋកិច្ច និងការងារ នៅសាលាក្រុងឆាងវ៉ុន។

ជាកិច្ចចាប់ផ្តើម លោកអភិបាលរងបានថ្លែងអំណរគុណដល់ការរៀបចំបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ព្រមទាំងអបអរសាទរពិធីបុណ្យផ្កាប្រចាំឆ្នាំ ជីនហេគុនហាំងជេ លើកទី៦៤។

ឆ្លៀតក្នុងឱកាសនោះ បន្ថែមពីលើកិច្ចសហការផ្នែកវប្បធម៌ លោកអភិបាលរងបានស្នើឱ្យទីក្រុងឆាងវ៉ុន ដែលជាទីក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុតាំងពីឆ្នាំ២០១៧ ពិនិត្យលទ្ធភាពពង្រឹងកិច្ចសហការលើផ្នែកសេដ្ឋកិច្ច និងវិនិយោគ និងបានលើកឡើងពីកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ដែលជាយន្តការរបស់រាជរដ្ឋាភិបាលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។ លើសពីនេះ លោកអភិបាលរងក៏បានលើកឡើងអំពីគម្រោងពង្រីកកំពង់ផែ និងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ(SHV-LC) និងបានស្នើឱ្យភាគីកូរ៉េបានការគិតគូរពិនិត្យលទ្ធភាពចូលរួមវិនិយោគផងដែរ។

ជាការឆ្លើយតប លោកអភិបាលរងក្រុងឆាងវ៉ុន បានលើកឡើងថា​ ថ្មីៗនេះវិនិយោគិនកូរ៉េ មាននិន្នាការវិនិយោគក្រៅប្រទេស នៅប៉ែកអាស៊ីអាគ្នេយ៍។ ដូច្នេះលោកនឹងបន្តជំរុញអ្នកវិនិយោគកូរ៉េឱ្យសម្លឹងមើលប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដែលអាចធ្វើការតភ្ជាប់ផ្លូវទឹក តាមរយៈកំពង់ផែអន្តរជាតិនៃទីក្រុងទាំង២។

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ