ឯកឧត្តម ទេសរដ្ឋមន្រ្ត គន់ គីម ណែនាំដល់រដ្ឋបាលខេត្តឧត្តរមានជ័យត្រូវបន្តជួយគាំទ្រដល់តម្រូវការប្រជាពលរដ្ឋភៀសសឹក

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីភាពកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ, គណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តឧត្តរមានជ័យ, បណ្តាមន្ទីរ-អង្គភាព និងអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានធ្វើរបាយការណ៍ស្វាគមន៍ពីវឌ្ឍនភាពនៃការអនុវត្តភារកិច្ចរយៈពេលពេញមួយឆ្នាំ២០២៥ និងបន្តដល់ត្រីមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ។ ក្នុងនោះ ឯកឧត្តម អភិបាលខេត្តឧត្តរមានជ័យ បានគូសបញ្ជាក់ពីកិច្ចការដែលអាទិភាពអំឡុងជម្លោះព្រំដែន គឺត្រូវបានចាត់ទុកជាការងារស្នូល ដើម្បីឆ្លើយតប និងដោះស្រាយជូនប្រជាជនដែលរងគ្រោះ ដោយសារការឈ្លានពានរបស់កងទ័ពថៃ។

នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យគ្រប់ជាន់ថ្នាក់ ក្នុងការអន្តរាគមន៍ និងឆ្លើយតបបានទាន់ពេលវេលាចំពោះសុខទុក្ខរបស់ប្រជាជនក្នុងជម្លោះព្រំដែន ដែលធ្វើឱ្យពួកគាត់បង្ខំចិត្តត្រូវជម្លៀសពីផ្ទះសម្បែងទៅមណ្ឌលសុវត្ថិភាព និងរហូតឈានមកទទួលជម្រកបណ្តោះអាសន្នដែលរាជរដ្ឋាភិបាលបានរៀបចំតាមរយៈផ្ទះរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី “ស្ងាត់តែមិនស្ងៀម” រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធបានខិតខំគ្រប់មធ្យោបាយ ដើម្បីទាមទារចំពោះការបាត់បង់ និងការខូចខាតរបស់ប្រជាជនតាមបណ្តោយព្រំដែន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងផលប៉ះពាល់ដោយសារការឈ្លានពានពីសំណាក់កងទ័ពថៃ។

ជាមួយបញ្ហានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា តាមរយៈផ្ទះរបស់អតីតយុទ្ធជនដែលផ្តល់ឱ្យប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ត្រូវបានគិតគូរយ៉ាងល្អិតល្អន់ពីការរស់នៅ ការរៀបចំហែរដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ទឹក ភ្លើង និងការគាំទ្រដល់ជីវភាពប្រចាំថ្ងៃបន្ថែមពីការត្រៀមបង្កើតដីកសិកម្មផងដែរ។

បន្ថែមលើនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានណែនាំដល់រដ្ឋបាលខេត្តឧត្តរមានជ័យត្រូវបន្តការគាំទ្រដល់តម្រូវការប្រជាពលរដ្ឋភៀសសឹក ក្នុងគ្រារាជរដ្ឋាភិបាលកំពុងខិតខំគ្រប់មធ្យោបាយទាំងការទូត និងផ្លូវច្បាប់អន្តរជាតិ ដើម្បីទាមទារ និងការពារឱ្យខាងតែបានចំពោះអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា។

គិតមកទល់ពេលនេះ ប្រជាពលរដ្ឋភៀសសឹកដែលស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សរុបមានចំនួនជាង២០០គ្រួសារ ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ៕