អ្នកនាំពាក្យយោធាអ៊ីស្រាអែលនិយាយថា៖  វិស័យកងទ័ពកំពុងខ្វះខាតទាហានប្រហែលជា ១៥.០០០នាក់ ដោយអ៊ីស្រាអែលត្រៀមទាហានបម្រុងនាពេលអនាគត 

អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា កងទ័ពកំពុងខ្វះខាតទាហានប្រហែល ១៥.០០០ នាក់ ដែលវាស្មើនឹងប្រហែលជាចំនួនពាក់កណ្តាលនៃកងទ័ពប្រយុទ្ធរបស់ពួកគេ។ ឧត្តមសេនីយ៍ឯក Effie Defrin បាននិយាយនៅក្នុងសារវីដេអូដែលបានថតទុកមួយថា “យើងត្រូវត្រៀមខ្លួនសម្រាប់បេសកកម្មនាពេលអនាគត”។ អ៊ីស្រាអែលអាចហៅទាហានបម្រុងរាប់ម៉ឺននាក់ ប៉ុន្តែការដាក់ពង្រាយម្តងហើយម្តងទៀតបានជំរុញឱ្យមានការកើនឡើងលើសពីអតីតកាល ដោយមនុស្សជាច្រើនបានលើកឡើងពីភាពកម្លាំងចុះខ្សោយ និងភាពតានតឹងផ្នែកហិរញ្ញវត្ថុនៃការចាកចេញពីការងារ និងគ្រួសាររបស់ពួកគេជាដើម។ ដោយមានទាហានរាប់ម៉ឺននាក់នៅតែដាក់ពង្រាយនៅហ្គាហ្សា និងបញ្ជូនទៅលីបង់បន្ថែមទៀត លោក Defrin បាននិយាយថា អ៊ីស្រាអែលរំពឹងថានឹងអាចពង្រីកប្រតិបត្តិការបន្ថែមលើរណសិរ្សជាច្រើនទៀត។ កាលពីសប្តាហ៍មុន ឧត្តមសេនីយ៍ឯក Eyal Zamir ប្រធានសេនាធិការយោធា បានព្រមានថា កងទ័ពមិនគួរបង្វែរកម្លាំងទៅកាន់តំបន់ West Bank ដែលកាន់កាប់នោះទេ បើទោះបីជាដើម្បីដោះស្រាយអំពើហិង្សារបស់អ្នកតាំងលំនៅជាជនជាតិយូដា អំឡុងពេលមានសង្គ្រាមជាពហុរណសិរ្សនៅទូទាំងមជ្ឈិមបូព៌ានោះក្តី។ លោក Defrin ក៏បានប្រកាសពីករណីស្លាប់របស់ទាហានពីរនាក់ដែល “បានដួលនៅក្នុងសមរភូមិនៅភាគខាងត្បូងប្រទេសលីបង់ ខណៈពេលដែលពួកគេកំពុងការពារសហគមន៍ភាគខាងជើងថែមទៀតផង”៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ