លោកជំទាវ យ៉ឹង សុឃឿន ដឹកនាំវេទិកាផ្សព្វផ្សាយច្បាប់ និងពង្រឹងកិច្ចការពារកុមារនៅអង្គការឃ្លាំងលើ ខេត្តព្រះសីហនុ

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សុវត្ថិភាពសង្គម និងការការពារជនងាយរង គ្រោះ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ លោកជំទាវ យ៉ឹង សុឃឿន សមាជិកក្រុម ប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុង “វេទិកាពិគ្រោះយោបល់សហគមន៍” ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការចាំបាច់របស់ស្ត្រី កុមារ និងជនងាយរងគ្រោះ។
វេទិកានេះ ក៏បានបញ្ជ្រាបនូវការផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្ស ដែលរៀបចំឡើងនៅទីស្នាក់ការអង្គការឃ្លាំងលើ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។
ក្នុងឱកាសនោះ កញ្ញា កេវ សំរិត នាយិកាអង្គការឃ្លាំងលើ បានរាយការណ៍ពីសមិទ្ធផលការងារចាប់តាំងពីឆ្នាំ២០១៧មក។ អង្គការបារាំង-ខ្មែរមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងដល់គ្រួសារក្រីក្រក្នុងខេត្តព្រះសីហនុ រួមមាន៖
• ការឧបត្ថម្ភកុមារផ្ទាល់ចំនួន ៦០នាក់ មកពី ៣៥គ្រួសារ (សរុបសមាជិកដែលទទួលផលមានចំនួន ៣០០នាក់)។
• ផ្តល់អាហារ ៣ពេល និងការបណ្តុះបណ្តាលផ្នែកចំណេះដឹងទូទៅ កុំព្យូទ័រ ភាសាអង់គ្លេស កីឡា និងសិល្បៈ ដើម្បីពង្រឹងសមត្ថភាពកុមារ។
• ផ្តល់ការព្យាបាលជំងឺទូទៅ និងមាត់ធ្មេញ តាមរយៈកិច្ចសហការជាមួយមន្ទីរពេទ្យបង្អែកខេត្ត និងគ្លីនិកឯកជន។
• ចក្ខុវិស័យវែងឆ្ងាយ គឺជាការគាំទ្រចាប់ផ្តើមតាំងពីទារកក្នុងផ្ទៃ រហូតដល់រៀនចប់ និងជួយស្វែងរកការងារធ្វើ ដើម្បីធានាបាននូវស្ថិរភាពជីវភាពនាពេលអនាគត។

នៅក្នុងអង្គពិធី លោកជំទាវ យ៉ឹង សុឃឿន បានកោតសរសើរយ៉ាងខ្លាំងចំពោះបេសកកម្មមនុស្សធម៌របស់អង្គការឃ្លាំងលើ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។ ទន្ទឹមនឹងនោះ លោកជំទាវបានសង្កត់ធ្ងន់លើចំណុចគន្លឹះចំនួន ៣ ដើម្បីពង្រឹងសន្តិសុខ និងសុខភាព៖
១.ការផ្សព្វផ្សាយច្បាប់ គឺជា “ទុនចំណេះដឹង” ដ៏មានតម្លៃសម្រាប់សិស្សានុសិស្ស និងសហគមន៍ ដើម្បីការពារខ្លួនពីអន្ទាក់នៃគ្រឿង ញៀន ការជួញដូរមនុស្ស និងជាពិសេសគឺ “ការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត” ដែលជាបញ្ហាប្រឈមថ្មីនាពេលបច្ចុប្បន្ន។
២. ការពង្រឹងសន្តិសុខមូលដ្ឋាន គឺមានវត្តមានផ្ទាល់របស់មន្ត្រីជំនាញពីស្នងការដ្ឋាននគរបាលខេត្ត ដូចជា លោកស្រីឧត្តមសេនីយ៍ត្រី ប៉ែន កញ្ញា នឹងជួយឱ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់ពីវិធីសាស្ត្របង្ការ និងការរាយការណ៍មកសមត្ថកិច្ចក្នុងករណីមានបទល្មើស។

លោកជំទាវ ក៏បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យប្រកាន់ខ្ជាប់នូវការរស់នៅស្អាត សុខភាពល្អ អនាម័យបរិស្ថាន និងការលាងសម្អាតដៃឱ្យបានទៀងទាត់ ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗ ជាពិសេសក្នុងបរិបទដែលសុខភាពសាធារណៈជាអាទិភាពចម្បង។

សម្រួលអត្ថបទ៖ ស្រីមុំ