អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដាក់តាំងសមិទ្ធផលឌីជីថល App NoDrug និង ថ្នាលឌីជីថលប្រមូលទិន្នន័យអ្នកញៀនគ្រឿងញៀននៅកម្ពុជា
រាជធានីភ្នំពេញ : ទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំក្រុមការងារសហការជាមួយក្រុមការងារក្រសួងមហាផ្ទៃ ចូលរួមរៀបចំការតាំងពិព័រណ៍ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ក្រោមប្រធានបទ “នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានជម្រាបឱ្យដឹងថា នេះជាលើកទី ២ ហើយដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់តាំងនៅថ្នាលឌីជីថលសម្រាប់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងពីរនេះ : មាន App NoDrug និងថ្នាលឌីជីថលប្រមូលទិន្នន័យអ្នកញៀនគ្រឿងញៀននៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបសំដៅលើកកម្ពស់បាននូវប្រសិទ្ធភាពការងារថែមទៀត។
ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ពាំនាំប្រសាសន៍ផ្តាំផ្ញើពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន អរគុណដល់មហាជនទាំងអស់ដែលបានទាញយកនិងប្រើប្រាស់App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន ដែលមកដល់ពេលនេះមានចំនួនជាង៨ម៉ឺននាក់ហើយដែលមានអ្នករាយការណ៍ចំនួនសរុបជាង៨០០០ករណី ដោះស្រាយបានចំនួនជាង៧០០០ករណី។



