ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ គ្រប់ក្រសួងស្ថាបន័មិនមានការបន្ថែមនាយកដ្ឋានទេ គឺមានតែកាត់បន្ថយ និងពង្រឹងសម្ថតភាព ដោយស្របតាមប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា “ពង្រឹង មិនពង្រីក”

នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ។

 ឯកឧត្តមយក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ទន្ទឹមនឹងសមិទ្ធផលសំខាន់ៗដែលសម្រេចបាន យើងក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលទាមទារការយកចិត្តទុកដាក់ដោះស្រាយជាបន្តទៀត។ ដើម្បីជម្នះបញ្ហាប្រឈមទាំងនេះទាមទារនូវកិច្ចសហការ និងការអនុវត្តព្រមគ្នា ព្រមទាំង ការគាំទ្រប្រកបដោយឆន្ទៈមោះមុតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់ក្រសួង-ស្ថាប័ន។ បន្ថែមលើនេះ ការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ និងការលើកកម្ពស់គុណភាពសេវាសាធារណៈ ត្រូវរងសម្ពាធបន្ថែមផ្នែកតម្រូវការសមត្ថភាព និងជំនាញរបស់មន្រ្តី ពេលវេលា ព្រមទាំងសម្ភារបរិក្ខារព័ត៌មានវិទ្យា និងមិនមែនព័ត៌មានវិទ្យាសម្រាប់ការបំពេញកិច្ចការផងដែរ។

 ឯកឧត្តមយក់ ប៊ុនណា បានបន្ថែមថា ក្រសួងមុខងារសាធារណៈ បានកំណត់ទិសដៅអនុវត្តបន្ត ដោយផ្តោតលើការជំរុញ និងពង្រឹងការអនុវត្តមុខងារស្នូលដែលក្រសួងទទួលបន្ទុក និងការជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងការងារអាទិភាពផ្សេងទៀត ដែលត្រូវបានប្រគល់ដោយរាជរដ្ឋាភិបាល ពិសេសការណែនាំ និងការតម្រង់ទិសដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក្នុងឱកាសដ៏វិសេសនាថ្ងៃនេះ។

ឆ្លៀតក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ  បានមានប្រសាសន៍ថាបើគិតមកដល់ពេលនេះ អាចវាយតម្លៃបានថា ក្នុងរយៈពេលជាង ២ឆ្នាំកន្លះ កន្លងមកនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចនូវសមិទ្ធផលជាបន្តបន្ទាប់ ជូនជាតិ និងប្រជាជន រួមទាំងក្នុងវិស័យមុខងារសាធារណៈ ទោះបីជាត្រូវប្រឈមនឹងការរំខានមួយចំនួន ដែលជាវិញ្ញាសាស្មុគស្មាញ ជាច្រើន ទាំងក្នុង និងក្រៅប្រទេស។ 

 ក្នុងនាម សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះ អបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងមុខងារសាធារណៈ សម្រេចបាន ក្នុងការដឹកនាំ គ្រប់គ្រង និង អភិវឌ្ឍវិស័យ មុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការ ជំរុញ ការ អនុវត្តវិធាន ការ គន្លឹះទាំង៣ ក្នុង ការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយ ភាពសកម្ម, បុរេសកម្ម, នវានុវត្តន៍, ស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់៕