អ៊ីរ៉ង់មិនត្រឹមតែច្រានចោលលក្ខខណ្ឌទាំង១៥របស់អាម៉េរិកដែលចង់បញ្ចប់សង្រ្គាមនោះទេ! ព្រឹកនេះអ៊ីរ៉ង់ចេញមកប្រកាសលក្ខខណ្ឌ៥ចំណុចរបស់ខ្លួនវិញ ប្រសិនបើចង់ផ្អាកសង្រ្គាម…….

អ៊ីរ៉ង់បានច្រានចោលផែនការរបស់អាមេរិកដែលបានដាក់លក្ខខណ្ឌដើម្បីផ្អាកសង្គ្រាមនៅមជ្ឈិមបូព៌ា និងបានបើកការវាយប្រហារបន្ថែមទៀតទៅលើអ៊ីស្រាអែល និងបណ្តាប្រទេសឈូងសមុទ្រអារ៉ាប់ រួមទាំងការវាយប្រហារដែលបានបង្កឱ្យមានអគ្គីភ័យដ៏ធំមួយនៅអាកាសយានដ្ឋានអន្តរជាតិគុយវ៉ែត។ យោងតាមរបាយការណ៍មួយពីអ្នកផ្សព្វផ្សាយព័ត៌មានជាភាសាអង់គ្លេសរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានដកស្រង់សម្តីមន្ត្រីអនាមិកមួយរូបដែលនិយាយថា អ៊ីរ៉ង់បានបដិសេធលើសំណើបទឈប់បាញ់របស់អាមេរិក ហើយទាមទារនូវលក្ខខណ្ឌផ្ទាល់ខ្លួនសម្រាប់បញ្ចប់ការប្រយុទ្ធគ្នាវិញ។ ពិធីករនៅទូរទស្សន៍សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ (IRIB) បានអានលក្ខខណ្ឌទាំង៥មានដូចជាគឺ៖ ទី១. បញ្ឈប់ការឈ្លានពាន និងការធ្វើឃាតដោយសត្រូវទាំងស្រុង។ ២. បង្កើតយន្តការជាក់លាក់ដើម្បីធានាថាសង្គ្រាមមិនត្រូវបានដាក់ចេញម្តងទៀតទេ។ ៣. ធានា និងត្រូវច្បាស់លាស់នូវការទូទាត់សំណងទូទៅ និងសំណងសង្គ្រាមដែរ។ ៤. បញ្ចប់សង្គ្រាមនៅគ្រប់ទិសទី និងសម្រាប់ក្រុមតស៊ូទាំងអស់ដែលពាក់ព័ន្ធនឹងសង្គ្រាមនេះ នៅទូទាំងតំបន់។ ៥. ការអនុវត្តអធិបតេយ្យភាពលើច្រកសមុទ្រហ័រមូសគឺជាសិទ្ធិធម្មជាតិរបស់អ៊ីរ៉ង់ ហើយនៅតែបន្តជារៀងរហូត”។ ការប្រឆាំងរបស់អ៊ីរ៉ង់បានកើតឡើងនៅពេលដែលអ៊ីស្រាអែលបានបើកការវាយប្រហារតាមដែនអាកាសលើទីក្រុងតេអេរ៉ង់ និងនៅពេលដែលសហរដ្ឋអាមេរិកបានដាក់ពង្រាយទាហានឆ័ត្រយោង និងកងម៉ារីនរបស់ខ្លួនបន្ថែមទៀតទៅកាន់តំបន់នោះ។ ក្រោយមករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅលើទូរទស្សន៍រដ្ឋរបស់ខ្លួនថា រដ្ឋាភិបាលរបស់លោកមិនបានចូលរួមក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាមដែលអាម៉េរិកប្រកាស១៥ចំណុចនោះទេ “ហើយយើងមិនមានគម្រោងចរចាណាមួយពួកគេឡើយ”។ មកដល់ពេលនេះមានមនុស្សស្លាប់ដោយសារសង្គ្រាមនេះ កើនឡើងដល់ជាង ១៥០០ នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ និងមនុស្សជិត ១១០០នាក់នៅក្នុងប្រទេសលីបង់ និង១៦ នាក់នៅក្នុងប្រទេសអ៊ីស្រាអែល និងសមាជិកយោធាអាមេរិក១៣នាក់ ក៏ដូចជាជនស៊ីវិលមួយចំនួនទៀតដែលស្ថិតនៅតំបន់ ឈូងសមុទ្រ ស្របពេលដែលមនុស្សរាប់លាននាក់នៅក្នុងប្រទេសលីបង់ និងអ៊ីរ៉ង់ត្រូវបានផ្លាស់ទីលំនៅដូចគ្នាព្រោះតែសង្រ្គាម៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ