គ្រួសារមានជីវភាពខ្វះខាតចំនួន ១៩គ្រួសារ ទទួលអំណោយពី សមាគមនារីខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ក្នុងស្មារតីជួយ សង្គ្រោះ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នេះ លោកជំទាវ គីម សុភ័ក្ដ្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំសមាជិកាសមាគម ចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ចែកជូនដល់គ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង និងអ្នកកំពុងជួបការលំបាកខ្លាំង ចំនួន ០៩គ្រួសារ ស្ថិតនៅក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកជំទាវ និងក្រុមការងារបានដើរចុះទៅដល់ផ្ទះនីមួយៗ ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅជាក់ស្តែង និងសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាលបំផុត។ លោកជំទាវបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំសមាគមនារីកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះ។

លោកជំទាវ បានមានប្រសាសន៍លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំង ០៩គ្រួសារថា៖ «ទោះបីអំណោយទាំងនេះមានចំនួនមិនច្រើនលើសលប់ ប៉ុន្តែវាគឺជាសក្ខីភាពនៃទឹកចិត្ត និងការចែករំលែក ដើម្បីជួយសម្រាលការលំបាកបានមួយកម្រិត។ យើងមិនទុកឱ្យបងប្អូនណាម្នាក់រស់នៅដោយឯកោ ឬខ្វះស្បៀងអាហារដោយយើងមិនបានដឹងនោះឡើយ»។ ទន្ទឹមនឹងនោះ លោកជំទាវក៏បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជាពិសេសការមើលថែទាំកុមារតូចៗ និងមនុស្សចាស់ក្នុងរដូវកាលដែលមានអាកាសធាតុក្តៅខ្លាំងបែបនេះ។

អំណោយដែលបានចែកជូនដល់គ្រួសារនីមួយៗរួមមាន គ្រឿងឧបភោគបរិភោគចាំបាច់ដូចជា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង សម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន និងថវិកាមួយចំនួនសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

ប្រជាពលរដ្ឋដែលទទួលបានអំណោយ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវប្រធានកិត្តិយស និងក្រុមការងារសមាគមនារីខេត្ត ដែលតែងតែចុះជួយសង្គ្រោះទាន់ពេលវេលា និងផ្តល់ភាពកក់ក្តៅដល់ពួកគាត់ដល់មូលដ្ឋាន។

សកម្មភាពនេះ បានបង្ហាញឱ្យឃើញពីតួនាទីយ៉ាងសកម្មរបស់ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម និងកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍៕

 

សម្រួលអត្ថបទ៖ ស្រីមុំ