ក្រុមហ៊ុន Toyota ចំនួនពីរ និងវិទ្យាស្ថាន JVC រួមគ្នាបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ដើម្បីជំរុញការអភិវឌ្ឍជំនាញមេកានិចយានយន្តនៅកម្ពុជា

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោកឧកញ៉ា គង់ នួន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) និងលោក Kensuke Tsuchiya ប្រធានក្រុមហ៊ុន Toyota (Cambodia) នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង និងបានអញ្ជើញធ្វើជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល Toyota រួម” រវាងក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., LTD, ក្រុមហ៊ុន Toyota (Cambodia) Co., LTD និងវិទ្យាស្ថានបច្ចេកទេស JVC នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អនុស្សរណៈនេះ មានគោលបំណងពង្រឹងកិច្ចសហការរវាងវិស័យឧស្សាហកម្ម និងវិស័យអប់រំ ក្រោមគម្រោងសហប្រតិបត្តិការរដ្ឋ-ឯកជន និងដើម្បីលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើជំនាញមេកានិចរថយន្តឱ្យឆ្លើយតបទៅនឹងស្តង់ដាឧស្សាហកម្មទំនើបបច្ចុប្បន្ន។ អនុស្សរណៈនេះ នឹងបង្កើតកិច្ចសហការរួមលើការបង្កើតឱកាសកម្មសិក្សា និងកម្មវិធីហាត់ការ, ការគាំទ្រការបណ្តុះបណ្តាលគ្រូបង្រៀន, ការពិគ្រោះយោបល់លើកម្មវិធីសិក្សា និងការកែលម្អជាបន្តបន្ទាប់, កម្មវិធីផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យា និងកិច្ចសហការក្នុងការជ្រើសរើសនិស្សិតបញ្ចប់ការសិក្សា និងការអភិវឌ្ឍកម្លាំងការងារ។

ឯកឧត្តម ហេង សួរ បានសម្ដែងនូវក្តីសោមនស្សរីករាយក្រៃលែង និងបានវាយតម្លៃខ្ពស់ចំពោះវិស័យឯកជន ជាពិសេសភាគីក្រុមហ៊ុនដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានផលិតភាពខ្ពស់ ជំនាញច្បាស់លាស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ខណៈវិស័យឧស្សាហកម្មរថយន្តកំពុងមានសន្ទុះរីកចម្រើនខ្លាំងនៅកម្ពុជា អនុស្សរណៈនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យយុវជនកម្ពុជាទទួលបានជំនាញបច្ចេកទេសពិតប្រាកដ បង្កើនឱកាសការងារកាន់តែច្រើន និងទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ថែមទៀតផងដែរ។

ឯកឧត្តមបានបន្តថា ការសម្រេចជ្រើសរើសយក JVC ជាមជ្ឈមណ្ឌលដៃគូក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រុមហ៊ុន Toyota ជប៉ុន នាពេលនេះ គឺមិនត្រឹមតែជាជម្រើសដ៏ល្អបំផុតក្នុងការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញដែលនឹងធ្វើការជាមួយ Toyota នាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការភ្ជាប់ទៅនឹងឫសគល់នៃទំនាក់ទំនងរវាងរដ្ឋាភិបាលនិងប្រជាជនជប៉ុន ជាមួយនឹងរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាផងដែរ។

លោកឧកញ៉ា គង់ នួន និងលោក Kensuke Tsuchiya បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះការគាំទ្របង្កើតឱ្យមានកិច្ចសហការរួមគ្នានេះឡើង ដែលជាការផ្តល់ឱកាសក្នុងការរួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា ហើយបានប្តេជ្ញាចិត្តថានឹងខិតខំឱ្យអស់សមត្ថភាពក្នុងការគាំទ្រដល់កម្ពុជា ជាពិសេសដល់យុវជនជំនាន់ក្រោយ៕