សមត្ថកិច្ច ឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់ ជាប់ពាក់ព័ន្ធ Online Scam នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ
ភ្នំពេញ៖ ក្នុងយុទ្ធនាការពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams មួយកន្លែង ស្ថិតនៅនៅផ្ទះលេខ១៦០ ផ្លូវលេខ៣៦៩ ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បន្ទាប់ពីមានការសង្ស័យលើសកម្មភាពស្នាក់នៅរបស់ជនបរទេស។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយកម្លាំងសមត្ថកិច្ចជំនាញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលនីតិវិធីផ្ទាល់ពី លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជាលទ្ធផល អាជ្ញាធរបានរកឃើញ និងឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១០នាក់ (ក្នុងនោះមានលិខិតឆ្លងដែនចំនួន ០៩ក្បាល)។ ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតសម្ភារៈបម្រើឱ្យសកម្មភាពបទល្មើសរួមមានៈ កុំព្យូទ័រប្រភេទ All-in-one ៩គ្រឿង, ម៉ាស៊ីន CPU ៤គ្រឿង,អេក្រង់ Monitor ៣គ្រឿង និងទូរសព្ទដៃ ១០គ្រឿង។
ផ្អែកតាមការពិនិត្យជាក់ស្តែង ទីតាំងខាងលើត្រូវបានរកឃើញថាមានការពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស “កម្ចីប្រាក់ខុសច្បាប់”។ បច្ចុប្បន្ន អាជ្ញាធរបានសម្រេចបិទឃ្លុំទីតាំងនោះជាបណ្ដោះអាសន្ន ចំណែកមនុស្សទាំង ១០នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សូមជម្រាបថា ការបោសសម្អាតOnline Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ នេះ សមត្ថកិច្ច និងអាជ្ញាធរក្នុងរាជធានី-ខេត្ត បានបង្ក្រាបដល់ទីតាំង និងបិទសៀល(មិនឱ្យមានសកម្មភាព) សរុបចំនួន ២៣៦ ទីតាំង នៅក្នុងបណ្តារាជធានី ខេត្ត ក្នុងនោះទីតាំងកាស៊ីណូ ចំនួន ៩១ ទីតាំង ទៅតាំងជាប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន ១៤៥ ទីតាំង។
តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ សរុបចំនួន ៧៩ សំណុំរឿង ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧ នាក់ ចំណោមនោះមានជនជាតិចិន វៀតណាម ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងត្បូង មីយ៉ាន់ម៉ា បង់ក្លាដេស សិង្ហបុរី នេប៉ាល់ ឥណ្ឌា ម៉ាឡេស៊ី ខ្មែរ ប៉ាគីស្ថាន ថៃ ហើយក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញ៉ា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។ តាមការកត់សម្គាល់របស់អាជ្ញាធរ ក្រុមមេខ្លោង និងអ្នកពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកនេះ ចំនួនប្រមាណ ជាង ២២ម៉ឺនាក់ បានគេចខ្លួនចេញពីប្រទេសកម្ពុជា ខ្លះចេញតាមផ្លូវអាកាស ខ្លះតាមផ្លូវគោក។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕



