ឯកឧត្តម​ ទេសរដ្ឋមន្រ្ដី គន់ គីម ថ្លែងថា ការធ្វេីផ្ទះបណ្តោះអាសន្ន​ ជូនជនភៀសសឹក គឺជាការគិតគូរលេីជីវិតប្រជាជនខ្មែរ​ គិតគូរជីវភាព​ ស្ថេរភាពនៃសេចក្តីសុខផ្លូវចិត្ត​ និងជាការបញ្ជាក់ជំហមិនបោះបង់ប្រជាជនណាម្នាក់ក្នុងគ្រាលំបាក

ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជា​អគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦​នេះ មានប្រសាសន៍ថា មួយរយ:នេះ​ ក្រុមប្រឆាំងខាងក្រៅប្រទេស​ រួមជាមួយនឹងរដ្ឋាភិបាលខុសច្បាប់​ ហាក់កំពុងបញ្ចេញយុទ្ធនាការយ៉ាងសកម្មទៅលេីផ្ទះបណ្តោះអាសន្ន ដែលរាជរដ្ឋាភិបាលកម្ពុជា​ បានធ្វេី​ និងបានរៀបចំជូនដល់ជនភៀសសឹកដែលត្រូវបានប្រទេសឈ្លានពានកំពុងកាន់កាប់​ ដែលមិនអាចឱ្យពួកគាត់វិលត្រឡប់ទៅផ្ទះរបស់ខ្លួនបាន។

ឯកឧត្តមមានប្រសាសន៍ថា “ខ្ញុំមិនឆ្ងល់ទេ ថាហេតុអ្វីពួកគាត់តែងមានមតិរិះគន់​ ឬចោទប្រកាន់រាជរដ្ឋាភិបាល​ ព្រោះពួកគាត់ក៏មិនដែលបានធ្វេីអ្វីក្រៅពីនេះ​ ហេីយពួកគាត់ក៏មិនមែនជាអ្នកនៅផ្ទាល់ជាមួយប្រជាជនខ្មែរយេីងដែលកំពុងលំបាកវេទនា​ បាត់បង់ផ្ទះសម្បែង​ ត្រូវរស់នៅដោយលំបាករត់គេចពីភ្លេីងសង្គ្រាម​ ត្រូវរស់នៅក្នុងជំរំភៀសសឹកជុំគ្នា​ ក្រោមដំបូលតង់តូច​ ក្តៅផង​ រងារផង​ លំបាកបន្ទប់ទឹកផង​ និងបរិស្ថានមិនសមរម្យផង​ តែដេីម្បីរក្សាជីវិត​ បងប្អូនខ្មែរយេីង​ គ្មានជម្រេីសនោះទេ។”

ឯកឧត្តម​ ទេសរដ្ឋមន្រ្ដី គន់ គីម បន្តថា រាជរដ្ឋាភិបាល​បានខិតខំគ្រប់បែបយ៉ាង​ រក្សាឱ្យបានសន្តិភាព​ បញ្ជៀសសង្គ្រាម​ មិនចង់ប្រយុទ្ធគ្នានោះទេ​ តែគ្មានជម្រេីសក្រៅពីតដៃការពារខ្លួន​ ក្នុងរយ:ពេលពីរលេីកនេះ​ យេីងសុទ្ធតែបានឃេីញសាច់ឈាមស្រស់របស់វីរកងទ័ព​ តស៊ូគ្រប់សមរភូមិ​ ពិសេសទីតាំងដែលសត្រូវកំពុងកាន់កាប់ដោយខុសច្បាប់។ ឯកឧត្ដម​សង្កត់ធ្ងន់ថា បេីយេីងពិតជាចង់ឱ្យបាត់ដីនេះ​ តេីយេីងចាំបាច់អ្វី​ ត្រូវប្រយុទ្ធ​ និងតស៊ូគ្រប់សមរភូមិ​ ទាំងយោធា​ កាទូត​ និងពិសេសត្រូវប្រយុទ្ធតស៊ូនឹងមតិផ្ទុយយ៉ាងសកម្មបំផុតមួយទៀតរបស់ពួកក្រុមប្រឆាំងគ្រប់រូបភាពដែលតែងជួយសត្រូវឈ្លានពានយេីងទៅវិញ។

ឯកឧត្តម​ ទេសរដ្ឋមន្រ្ដី គន់ គីម អំពាវនាវសូមបងប្អូនខ្មែរយេីង​ មេត្តាពិនិត្យមេីលទិដ្ឋភាពពីរ​ ដេីម្បីអាចជាមូលដ្ឋានក្នុងការពិចារណា​ ថាតេីរាជរដ្ឋាភិបាលកម្ពុជា​ ពិតជាមិនចង់ការពារទឹកដី​ ឬថាហេតុអ្វីបានត្រូវចិញ្ចឹមចិត្តតស៊ូគ្រប់យន្តការទាំងយោធា​ កាទូត​ និងគ្រប់ទិដ្ឋភាពច្បាប់ទាំងអស់​ ដេីម្បីតែជាតិ​ និងប្រជាជនកម្ពុជា?

១/​ ទិដ្ឋភាពទី១៖​ ប្រវត្តិសាស្ត្រ​ ចាប់ពីក្រោយយេីងទទួលបានឯករាជ្យ​ តេីថៃបានធ្វេីអ្វីខ្លះ​ និងឈ្លានពានយេីងយ៉ាងណាខ្លះ​ ហេីយរាជរដ្ឋាភិបាលកម្ពុជា​ បានឆ្លេីយតប​ និងប្រេីប្រាស់វិធីសាស្ត្រយ៉ាងណាដេីម្បីទប់ទល់​ និងការពារ?

២/​ ទិដ្ឋភាពទី២៖​ មនោគមវិជ្ជា​ និងការបណ្តុះស្មារតីជាតិនិយម​ ឈរលេីផែនទីឯកតោភាគីរបស់គេ​ សម្រាប់ប្រជាជនគេ​ ជាពិសេសតែងតែកេីតមានភ្លាម​ ពេលស្ថានភាពនយោបាយផ្ទៃក្នុងប្រទេសគេមានភាពប្រេះឆា​ ឬច្របូកច្របល់។

ពាក់ព័ន្ធ​ និងការសាងសង់ផ្ទះបណ្ដោះអាសន្ន ជូនជនភៀសសឹក ឯកឧត្តម​ ទេសរដ្ឋមន្រ្ដី គន់ គីម បានធ្វើការពន្យល់ ៤ចំណុច

ទី១/​ ផ្ទះបណ្តោះអាសន្ន​ គឺជាផ្ទះមិនមែនចែកជូនដោយមានប័ណ្ណកម្មសិទ្ធ​ គឺសម្រាប់ស្នាក់នៅបណ្តោះអាសន្ន​ តែអាចមានរយ:ពេលវែងទៅតាមសភាពការណ៍ជាក់ស្តែងនៃការវិវត្ត​ ព្រោះយេីងច្បាស់ទាំងអស់គ្នាថា​ សង្គ្រាមនេះ​ មិនងាយនឹងបញ្ចប់នោះទេ​ តួយ៉ាងកន្លងទៅ​ ២០០៨-២០១១​ ក៏មានរយ:ពេល​ ៣ឆ្នាំដែរ។

ទី២/​ ផ្ទះបណ្តោះអាសន្ននេះ​ មិនត្រឹមតែជាផ្ទះ​ តែជាកន្លែងផ្តល់ការរស់នៅសមរម្យសម្រាប់បងប្អូនខ្មែរ​ ដែលល្អជាងទុកពួកគាត់រស់នៅក្រោមដំបូលតង់​ ជុំគ្នាលំបាកគ្រប់បែបយ៉ាង​ ពិសេសនឹងផ្តល់ហានិភ័យផ្នែកសុខភាពទាំងរូបកាយ​ និងសតិអារម្មណ៍

ទី៣/​ ផ្ទះបណ្តោះអាសន្ន​ អាចនឹងក្លាយជាសហគមន៍រស់នៅប្រមូលផ្តុំមួយ​ ដែលរាជរដ្ឋាភិបាលនឹងផ្តល់ការរួមចំណែកលេីការរស់នៅប្រចាំថ្ងៃ​ សម្របសម្រួលលេីការប្រកបរបររកស៉ីចិញ្ចឹមជីវិត​ ពិសេសសាលារៀនសម្រាប់ក្មេងៗ​ ដែលត្រូវបន្តការសិក្សារបស់ខ្លួន

ទី៤/​ ផ្ទះបណ្តោះអាសន្ន​ គឺជាទីតាំងបង្ហាញសហគមន៍អន្តរជាតិដែរថា​ អ្នកដែលកំពុងរស់នៅទីនេះ​ គឺជាជនរងគ្រោះដែលត្រូវបានសត្រូវឈ្លានពាន​ និងកាន់កាប់ទីតាំងទឹកដីផ្ទះសម្បែងរបស់ពួកគាត់​ ហេីយអាចនឹងក្លាយជាភស្តុតាងជំនួយដល់ការវាក្តីរបស់យេីង។

សរុបដោយសង្ខេបវិញ​ ការធ្វេីផ្ទះបណ្តោះអាសន្ន​ គឺជាការគិតគូរលេីជីវិតប្រជាជនខ្មែរ​ គិតគូរជីវភាព​ ស្ថេរភាពនៃសេចក្តីសុខផ្លូវចិត្ត​ ហេីយពិសេសបញ្ជាក់ជំហមិនបោះបង់ប្រជាជនណាម្នាក់ក្នុងគ្រាលំបាកនោះទេ​ ដូចនេះអ្វីដែលរាជរដ្ឋភិបាលត្រូវធ្វេី​ គឺជួយប្រជាជនខ្មែរជានិច្ច​ ហេីយភារកិច្ចអាទិភាពមួយទៀត​ គឺប្រឹងប្រែងគ្រប់មធ្យោបាយក្នុងការការពារទឹកដីខ្មែរ​ ទោះមិនសូវបង្ហាញមែន​ តែមិនដែលស្ងៀមនោះទេ។

ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជា​អគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា អំពាវនាវសូមបងប្អូនខ្មែរ​ មេត្តាជឿជាក់​ និងអត់ធ្មត់​ ហេីយរក្សាជំហរសាមគ្គីជាតិតែមួយ​ ដេីម្បីកម្ពុជាយេីងក្នុងគ្រាដ៏លំបាកនេះ៕