ប្រទេសហ្វីលីពីនប្រកាសអាសន្នផ្នែកថាមពល និងលើកទឹកចិត្តឱ្យប្រើប្រាស់រថយន្តក្រុងឥតគិតថ្លៃ! ស្របពេលអ្នកវិភាគនិយាយថាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀតអាចនឹងធ្វើគម្រូតាម….

អ្នកវិភាគម្នាក់បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសដទៃទៀតដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍អាចនឹងធ្វើតាមប្រទេសហ្វីលីពីនដើម្បីប្រកាសអាសន្នផ្នែកថាមពលជាតិ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃសង្គ្រាមអ៊ីរ៉ង់។ រដ្ឋបាលរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. កាលពីយប់ថ្ងៃអង្គារនេះបាននិយាយថា ភាពតានតឹងពីសង្រ្គាមនៅអ៊ីរ៉ង់បានបង្ក “ជាគ្រោះថ្នាក់ដ៏គួរឱ្យព្រួយបារម្ភនៃការផ្គត់ផ្គង់ថាមពលរបស់ខ្លួន”។ លោក Putra Adhiguna នាយកគ្រប់គ្រងនៃវិទ្យាស្ថាន Energy Shift ដែលជាក្រុមអ្នកវិភាគដែលមានមូលដ្ឋាននៅទីក្រុងហ្សាកាតា បាននិយាយថា ស្ថានភាពនេះវាអាចបង្កឱ្យមានផលប៉ះពាល់ជាច្រើនសម្រាប់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ លោក Adhiguna បាននិយាយបន្ថែមថា “វិបត្តិកាន់តែយូរ វានឹងកាន់តែជ្រៅ ហើយវាទំនងជាថាប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍អាចធ្វើតាមគម្រូប្រកាសអាសន្នដូចហ្វីលីពីនដែរ”។ ស្ថិតក្រោមសេចក្តីប្រកាសនេះ ដំបូងឡើយអាចនឹងមានរយៈពេលមួយឆ្នាំ ដោយលោកប្រធានាធិបតី Marcos នឹងដឹកនាំគណៈកម្មាធិការបន្ទាន់មួយ ដើម្បីស្វែងរកការធានាបាន និងការចែកចាយប្រេងឥន្ធនៈ អាហារ ថ្នាំពេទ្យ ផលិតផលកសិកម្ម និងទំនិញជាមូលដ្ឋានផ្សេងទៀតប្រកបដោយសណ្តាប់ធ្នាប់ក្នុងប្រទេស។ អាជ្ញាធរបានបញ្ជាឱ្យចាត់វិធានការប្រឆាំងនឹងការស្តុកទុក និងការកេងចំណេញ ការរៀបចំការផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈឲ្យបានរួចរាល់។ ទន្ទឹមនឹងនេះដែរ នាយកដ្ឋានពលករចំណាកស្រុកត្រូវបានស្នើសុំឱ្យត្រៀមខ្លួនសម្រាប់ការជួយសង្គ្រោះ និងការជម្លៀសជនជាតិហ្វីលីពីនចេញពីតំបន់មជ្ឈិមបូព៌ា។ រដ្ឋាភិបាលហ្វីលីពីនបានចាប់ផ្តើមផ្តល់ប្រាក់ចំនួន ៥,០០០ ប៉េសូ (ស្មើនឹង៨៣ដុល្លារអាម៉េរិក) ក្នុងមនុស្សម្នាក់ៗសម្រាប់អ្នកប្រកបរបរម៉ូតូឌុប និងកម្មករដឹកជញ្ជូនសាធារណៈមួយចំនួនធំនៅទូទាំងប្រទេស និងដើម្បីជួយពួកគេទប់ទល់នឹងតម្លៃប្រេងសាំង និងម៉ាស៊ូតដែលកំពុងកើនឡើងខ្ពស់។ ការជម្រុញលើកទឹកចិត្តឲ្យជិះរថយន្តក្រុងដោយឥតគិតថ្លៃក៏ត្រូវបានផ្តល់ជូនដល់សិស្ស និងកម្មករនៅក្នុងទីក្រុងដែលបានជ្រើសរើសសេវាកម្មនេះផងដែរ។ ជនជាតិហ្វីលីពីនប្រហែល ២,៤ លាននាក់រស់នៅ និងធ្វើការនៅតំបន់មជ្ឈិមបូព៌ា រួមទាំងចំនួនប្រហែលជា ៣១,០០០ នាក់នៅក្នុងប្រទេសអ៊ីស្រាអែល និង ៨០០នាក់នៅអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ ពួកគេភាគច្រើនបានជ្រើសរើសស្នាក់នៅ និងធ្វើការនៅក្នុងតំបន់ទាំងនោះ ដោយមានតែចំនួនរាប់រយនាក់ប៉ុណ្ណោះដែលត្រូវបានហោះហើរត្រឡប់មកកាន់មាតុភូមិកំណើតវិញ ដោយមានជំនួយពីរដ្ឋាភិបាលហ្វីលីពីនចាប់តាំងពីមានអរិភាពនៅតំបន់ឈូងសមុទ្រមជ្ឈិមបូព៌ាបានចាប់ផ្តើមមក៕

សម្រួលអត្ថបទ៖ សុផារិន្ទ