លោកជំទាវ យ៉ឹង សុឃឿន អញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយច្បាប់ប្រឆាំងការជួញដូរមនុស្ស និងគ្រឿងញៀន

ខេត្តព្រះសីហនុ – យុទ្ធនាការបញ្ជ្រាបចំណេះដឹងផ្នែកច្បាប់ និងការការពារសុខុមាលភាពសង្គមត្រូវបានធ្វើឡើងយ៉ាងសកម្ម ក្រោមវត្តមាន លោកជំទាវ យ៉ឹង សុឃឿន សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តព្រះសីហនុ ក្នុង “វេទិកាពិគ្រោះយោបល់សហគមន៍ ស្ដីពីបញ្ហាប្រឈម និងតម្រូវការរបស់ស្ត្រី កុមារ ជនងាយរងគ្រោះ”។
វេទិកានេះត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការម្លប់តាប៉ាង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ រួមមាន លោកស្រីឧត្តមសេនីយ៍ត្រី ប៉ែន កញ្ញា ស្នងការរងនគរបាលខេត្ត លោកនាយការិយាល័យជំនាញ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ ព្រមទាំងតំណាងអង្គការសង្គមស៊ីវិល លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោកស្រី រ័ត្ន ច័ន្ទផល្គុណ នាយិកាអង្គការម្លប់តាប៉ាង បានធ្វើរបាយការណ៍សង្ខេបអំពីសមិទ្ធផលការងារដែលអង្គការបានសម្រេចក្នុងរយៈពេលជាង ២៣ឆ្នាំមកនេះ។ លោកស្រីបានបញ្ជាក់ថា អង្គការម្លប់តាប៉ាងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ការពារសិទ្ធិកុមារ និងយុវជនងាយរងគ្រោះ ដោយផ្តល់ជម្រក សុវត្ថិភាព និងការគាំពារផ្លូវច្បាប់។ ផ្សព្វផ្សាយពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃគ្រឿងញៀន និងយុទ្ធសាស្ត្រកាត់បន្ថយគ្រោះថ្នាក់ក្នុងសហគមន៍។ បង្កើនការយល់ដឹងអំពីការការពារការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត ដែលជាបញ្ហាប្រឈមថ្មីសម្រាប់យុវវ័យ។
ថ្លែងក្នុងសុន្ទរកថាបើកវេទិកា លោកជំទាវ យ៉ឹង សុឃឿន បានសង្កត់ធ្ងន់ថា ការយល់ដឹងអំពីច្បាប់គឺជា “អាវក្រោះ” ដ៏ល្អបំផុតសម្រាប់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារ។ លោកជំទាវបានមានប្រសាសន៍ថា៖ “ការបញ្ជ្រាបចំណេះដឹងដោយផ្ទាល់ពីមន្ត្រីជំនាញ គឺជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់បទល្មើសតាំងពីឫសគល់។ បងប្អូន និងក្មួយៗត្រូវតែដឹងពីល្បិចកលរបស់អ្នកជួញដូរមនុស្ស និងគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីការពារខ្លួនឯង គ្រួសារ និងសហគមន៍ទាំងមូល។”
ក្រៅពីបញ្ហាសន្តិសុខ លោកជំទាវក៏មិនភ្លេចក្រើនរំលឹកដល់បញ្ហាសុខភាពសាធារណៈផងដែរ ដោយបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់អោយ ប្រកាន់ខ្ជាប់នូវការរស់នៅស្អាត បរិភោគទឹកស្អាត និងអាហារដែលមានអនាម័យ ចូលរួមថែរក្សាបរិស្ថានជុំវិញខ្លួនឱ្យមានសោភ័ណភាព ដោយគ្មានប្រភពមេរោគ និងត្រូវលាងដៃជាមួយសាប៊ូឱ្យបានទៀងទាត់ ដើម្បីបង្ការជំងឺឆ្លងផ្សេងៗ។
វេទិកាពិគ្រោះយោបល់នេះ មិនត្រឹមតែជាការផ្សព្វផ្សាយច្បាប់មួយពេលនោះទេ ប៉ុន្តែវាគឺជាការបើកឱកាសឱ្យជនងាយរងគ្រោះបានលើកឡើងពីបញ្ហាប្រឈមផ្ទាល់ខ្លួន ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធ និងគណៈកម្មាធិការ គ.ក.ស.ក អាចស្វែងរកដំណោះស្រាយបានទាន់ពេលវេលា។
អង្គពិធីទាំងមូលបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។ អ្នកចូលរួមទាំងអស់បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលុបបំបាត់គ្រឿងញៀន និងការជួញដូរមនុស្ស សំដៅលើកកម្ពស់សុខុមាលភាព និងសន្តិសុខសង្គមនៅក្នុងខេត្តព្រះសីហនុយើង ឱ្យកាន់តែរឹងមាំថែមទៀត៕

សម្រួលអត្ថបទ៖ ស្រីមុំ