ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ស្នើឲ្យក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាធ្វើការផ្សព្វផ្សាយនូវខ្លឹមសារនៃផែនទីបង្ហាញផ្លូវ លើកទី២នេះ ដើម្បីបង្កើនការយល់ដឹង និងការចូលរួមអនុវត្តឱ្យបានទូលំទូលាយ

ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ សហការជាមួយ មជ្ឈមណ្ឌលសម្របសម្រួលប្រព័ន្ធស្បៀង របស់អង្គការសហប្រជាជាតិ (UN Food Systems Coordination Hub) ការិយាល័យអ្នកសម្របសម្រួល របស់អង្គការសហប្រជាជាតិនៅកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិនានា រួមទាំង អង្គការ FAO, WFP, UNICEF, WHO និងដៃគូអភិវឌ្ឍនានា រៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផែនទីបង្ហាញផ្លូវ ស្តីពី ប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា លើកទី២ ឆ្នាំ២០២៥-២០៣០ ដែលបានឧបត្ថម្ភថវិកាដល់ការបោះពុម្ភដោយ អង្គការ World Fish អង្គការ GIZ និងអង្គការ Helen Keller Cambodia ស្របតាមការអំពាវនាវ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងស្របតាមសភាពការណ៌វិវត្តក្នុងប្រទេស តំបន់ និងសកលលោក។

ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការ នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានជម្រាបជូនក្នុងបទបង្ហាញថា ផែនទីបង្ហាញផ្លូវលើកទី២នេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ គឺដើម្បីពង្រឹងប្រព័ន្ធស្បៀងមួយដោយផ្តោតសំខាន់លើការពង្រឹងភាពធន់ សមភាពយេនឌ័រ និងបរិយាប័ន្នសង្គម ព្រមទាំងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី យុវជន និងក្រុមដែលគេរើសអើង ដើម្បីប្រជាពលរដ្ធគ្រប់រូបទទួលបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលនានា។

តំណាងអង្គការដែលជាដៃគូពាក់ព័ន្ធ ក៏បានសម្តែងមតិចូលរួមដែលថា ការបង្ហាញខ្លួនរបស់ផែនទីជាលើកទី២នេះ គឺបានបង្ហាញយ៉ាងច្បាស់ពីចក្ខុវិស័យរបស់កម្ពុជា ក្នុងនាមជាប្រទេសមួយ ដែលផ្តល់ស្បៀងអាហារដល់ប្រជាជនរបស់ខ្លួនបានយ៉ាងល្អ ទាំងក្នុងឆ្នាំដែលមានភោគផលបរិបូរណ៍ និងឆ្នាំដែលមានទុក្ខលំបាក។ ប្រទេសកម្ពុជាកំពុងបង្ហាញទៅកាន់ពិភពលោកនូវភាពជាអ្នកដឹកនាំដ៏រឹងមាំ ដោយផ្តល់អាទិភាពលើការផ្តល់សារជាតិចិញ្ចឹមសំខាន់ៗ ជាចំណុចស្នូលនៃការធ្វើបរិវត្តកម្មប្រព័ន្ធស្បៀង ដើម្បីបង្ហាញពីអធិបតេយ្យភាព តម្លៃ និងការយកចិត្តទុកដាក់ចំពោះមនុស្សជំនាន់ក្រោយ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងដែលថា ពិធីសម្ពោធប្រកាសដាក់ឲ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវ ស្តីពី ប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា លើកទី២ ឆ្នាំ២០២៥-២០៣០ គឺបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការសង្គមស៊ីវិល និងសហគមន៏ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ជាសេនាធិការ ក្នុងការធ្វើបរិវត្តកម្មប្រព័ន្ធស្បៀងនៅកម្ពុជា ឱ្យកាន់តែរឹងមាំ ឆ្លាតវៃ ធន់ បរិយាប័ន្ន ផ្តល់នូវសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ដោយគិតគូរពីចីរភាពបរិស្ថាន ចីរភាពសង្គម និងចីរភាពសេដ្ឋកិច្ច ។

ដើម្បីអនុវត្តគម្រោងខាងលើកនេះឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បានផ្តល់អនុសាសន៍មួយចំនួន ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការសង្គមស៊ីវិល និងក្រុមការងារដឹកនាំសម្របសម្រួលលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរាជធានី-ខេត្ត សូមចូលរួមគាំទ្រក្នុងការអនុវត្តផែនទីបង្ហាញផ្លូវលើកទី២នេះ ឱ្យទទួលបានជោគជ័យ ជាពិសេស ត្រូវលើកទឹកចិត្តដល់កសិករដាំដំណាំចម្រុះ ចិញ្ចឹមសត្វ ប្រើបច្ចេកទេសកសិកម្មឆ្លាតវៃ ដើម្បីជំរុញកសិកម្មដែលគិតគូរដល់អាហារូបត្ថម្ភ និងផ្សារភ្ជាប់ប្រព័ន្ធស្បៀងជាមួយនឹងសេវាសុខាភិបាល ដោយរួមទាំងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ ដើម្បីកាត់បន្ថយជំងឺនានា។ ម្យ៉ាងទៀត ក្រុមការងារ ត្រូវរៀបចំនិងដាក់ឲ្យដំណើរការនូវយុទ្ធសាស្ត្រហិរញ្ញប្បទាន និងយុទ្ធសាស្ត្រស្វែងរកការគាំទ្រសម្រាប់បរិវត្តកម្មប្រព័ន្ធស្បៀង ជាពិសេស រៀបចំគម្រោងនិងផែនការសកម្មភាពជាក់ស្តែង ដើម្បីកៀរគរថវិកាជាតិ និងដៃគូអភិវឌ្ឍសម្រាប់អនុវត្តផែនទីបង្ហាញផ្លូវលើកទី២នេះ និងបង្កើនការយល់ដឹងនិងការចូលរួមតាមដានវឌ្ឍនភាពនៃការអនុវត្ត តាមរយៈសមាហរណកម្មប្រព័ន្ធតាមដាន វាយតម្លៃ និងរៀនសូត្រ ភ្ជាប់ទៅនឹងយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤–២០២៨ ការប្តេជ្ញាចិត្តរបស់កម្ពុជាស្តីពីអាហារូបត្ថម្ភសម្រាប់កំណើន (N4G) ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC3.0) និងអន្តរាគមន៍របស់សម័្ពន្ធជើងឯកសម្រាប់បរិវត្តកម្មប្រព័ន្ធស្បៀង។