ប្រជាជនមូស្លីមនៅក្នុងតំបន់ជម្លោះ Kashmir បាននាំគ្នាប្រមូលរបស់របរមានតម្លៃនានា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ក្នុងការធ្វើសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក
មានចម្ងាយជាង១០០០ម៉ាយពីប្រទេសអ៊ីរ៉ង់ ប្រជាជនមូស្លីមមួយចំនួននៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាមួយផ្នែកបានកំពុងប្រមូលរបស់របរប្រើប្រាស់មានតម្លៃនានាសម្រាប់ផ្តល់ជូនប្រជាជនអ៊ីរ៉ង់មានដូចជា មាស សាច់ប្រាក់ សូម្បីតែសម្ភារៈប្រើប្រាស់ និងសត្វពាហនៈក្តី។ មេដឹកនាំសហគមន៍ និងក្រុមព្រឹទ្ធាចារ្យបានបង្កើតតូបលក់ដូរនៅក្នុងតំបន់ភ្នំហិម៉ាឡៃយ៉ាដែលមានជម្លោះ និងជាតំបន់មានជនជាតិមូស្លីមភាគច្រើនរស់នៅ និងជាទីតាំងបែងចែករវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ប៉ុន្តែត្រូវបានប្រទេសទាំងពីរប្រាថ្នាចង់បានទាំងស្រុងដូចគ្នា។ អ្នកស្ម័គ្រចិត្តវ័យក្មេងមួយចំនួនកំពុងដើរពីផ្ទះមួយទៅផ្ទះមួយដើម្បីប្រមូលអំណោយមានតម្លៃរបស់ពួកគេ ដើម្បីជួយដល់ការធ្វើសង្រ្គាមរបស់អ៊ីរ៉ង់។ ក្រុមស្ត្រីៗបានបរិច្ចាគគ្រឿងអលង្ការជាមាស ខ្សែដៃ និងក្រវិលរបស់ពួកគេ។ Amaan Shah ដែលជាអ្នកបរិច្ចាគម្នាក់បាននិយាយថា “នៅពេលព្រឹកខ្ញុំបានប្រាប់ប្រពន្ធខ្ញុំថា មនុស្សគ្រប់គ្នាកំពុងបរិច្ចាគ ដូច្នេះអ្នកក៏គួរតែបរិច្ចាគវាដែរ”។ គ្រួសារជាច្រើនបានបរិច្ចាគគ្រឿងស្ពាន់ប្រពៃណី ឬសត្វពាហនៈរបស់ពួកគេ ហើយក៏មានកុមារបានយកប្រាក់សន្សំរបស់ពួកគេទៅបរិច្ចាគដែរ – ខ្លះទៀតកាន់ប្រអប់សន្សំប្រាក់របស់ពួកគេទៅកាន់ទីតាំងប្រមូលប្រាក់បរិច្ចាគ។ អ្នកស្រុកដែលមានជីវភាពធូរធារមួយចំនួនក៏បានកំពុងផ្ញើប្រាក់ទៅកាន់គណនីសង្គ្រោះរបស់ស្ថានទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុងញូវដេលីផងដែរ ដែលវាបានបង្កើតឡើងកាលពីដើមខែមិនានេះ។ សកម្មភាពបរិច្ចាគជំនួយបានកើនឡើងនៅថ្ងៃសៅរ៍នេះ នៅពេលដែលប្រជាជនមូស្លីមបានប្រារព្ធពិធីបុណ្យ Eid al-Fitr ដែលជាថ្ងៃឈប់សម្រាកនាចុងខែដ៏ពិសិដ្ឋរបស់ក្រុមឥស្លាមដែលមានឈ្មោះថា Ramadan។ លោក Shah បានមានប្រសាសន៍ទៀតថា “នៅម៉ោងនេះ យើងមិនមែនជាអ្នកកាន់សាសនា Shia ឬ Sunni ទៀតទេ។ មិនថាអ្នកកាន់សាសនា Shia, Sunni, Hindu, Sikh ឬមកពីសាសនាដទៃទៀតណាទេ ពួកគេទាំងអស់គ្នាគឺកំពុងគាំទ្រអ៊ីរ៉ង់”។ វីដេអូដែលកំពុងចរាចរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថាប្រជាជនកាស្មៀរបានរៀបរាប់អំពីរបៀបដែលពួកគេមើលឃើញនិងចង់ជួយជនជាតិអ៊ីរ៉ង់ថាជាកាតព្វកិច្ចមនុស្សធម៌ និងសាសនាបង្រួបង្រួម។ ស្ថានទូតអ៊ីរ៉ង់ក៏បានបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយថ្លែងអំណរគុណដល់ប្រជាជនកាស្មៀរចំពោះសាមគ្គីភាពរបស់ពួកគេនាពេលនេះ។ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមជាមួយអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ការតវ៉ាដោយកំហឹងបានផ្ទុះឡើងនៅទូទាំងតំបន់កាស្មៀរនេះដែរ ជាកន្លែងដែលមនុស្សភាគច្រើន រួមទាំងជនជាតិភាគតិច Shiite នៅក្នុងតំបន់នេះ មានទំនាក់ទំនងវប្បធម៌ និងសាសនាយូរអង្វែងជាមួយរដ្ឋអ៊ីរ៉ង់។ ដោយឡែកពីគ្នា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump បានផ្តល់ផែនការឈប់បាញ់ចំនួន ១៥ចំណុចដល់អ៊ីរ៉ង់ មនុស្សម្នាក់ដែលត្រូវបានជូនដំណឹងអំពីគម្រោងលើសំណើនេះបាននិយាយកាលពីថ្ងៃអង្គារនេះ ទោះបីជាយោធាអាមេរិកបានត្រៀមខ្លួនហៅកងទ័ពយ៉ាងហោចណាស់ ១០០០នាក់បន្ថែមទៀតដើម្បីបំពេញបន្ថែមនិងដាក់បញ្ជូលបង្រ្គប់កងទ័ពប្រហែល ៥ម៉ឺននាក់រួចហើយនៅមជ្ឈិមបូព៌ាក៏ដោយ។ យោងតាមបុគ្គលម្នាក់ ដែលបាននិយាយក្នុងលក្ខខណ្ឌអានាមិក បានឲ្យដឹងថាផែនការនេះត្រូវបានដាក់ជូនទៅកាន់អ៊ីរ៉ង់ តាមរយៈអន្តរការីមកពីប្រទេសប៉ាគីស្ថាន ដែលបានផ្តល់ជូនដើម្បីធ្វើជាម្ចាស់ផ្ទះនៃការចរចាឡើងវិញរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ផងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



