លោកជំទាវរដ្ឋលេខាធិការសុខាភិបាល÷ ទោះបីជាចំនួនមរណភាពមាតាដែលបានរាយការណ៍មានការថយចុះពី ៧៩ ករណី ក្នុងឆ្នាំ ២០២៤ មកត្រឹម ៤៦ ករណី ក្នុងឆ្នាំ ២០២៥ ក៏ដោយ ក៏យើងមិនត្រូវមានការធ្វេសប្រហែសឡើយ
ថ្លែងបើកសិក្ខាសាលាពិនិត្យឡើងវិញប្រចាំឆ្នាំស្តីពី ការពិនិត្យ និងឆ្លើយតបមរណភាពមាតា និងទារកជុំវិញកំណើត (MPDSR)កាលពីព្រឹកថ្ងៃទី ២៥.២៦ ខែមីនាព្រឹកមិញនេះ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការ MPDSR គ្រប់កម្រិត ដែលបានរៀបចំរចនាសម្ព័ន្ធឡើងវិញ និងដាក់ឱ្យប្រើប្រាស់ពិធីសារថ្មីនៅទូទាំងប្រទេស។ លទ្ធផលនៃការពិនិត្យឡើងវិញនូវមរណភាពមាតាចំនួន ៤៦ ករណី និងមរណភាពទារក ១១៧ ករណី ក្នុងឆ្នាំ ២០២៥ បានផ្តល់នូវទិន្នន័យយ៉ាងសំខាន់សម្រាប់ការកែលម្អសេវាសុខាភិបាលរបស់យើង ។
លោកជំទាវ បន្តថា ទោះបីជាចំនួនមរណភាពមាតាដែលបានរាយការណ៍មានការថយចុះពី ៧៩ ករណី ក្នុងឆ្នាំ ២០២៤ មកត្រឹម ៤៦ ករណី ក្នុងឆ្នាំ ២០២៥ ក៏ដោយ ក៏យើងមិនត្រូវមានការធ្វេសប្រហែសឡើយ ។ បញ្ហាប្រឈមដែលបានរកឃើញក្នុងឆ្នាំ ២០២៥ បានបង្ហាញយ៉ាងច្បាស់នូវចំណុចខ្វះខាតមួយចំនួន រួមមាន៖
១. ការដោះស្រាយការពន្យារពេលទី ៣ (ការផ្តល់សេវា និងប្រព័ន្ធបញ្ជូន)
ពង្រឹងការទំនាក់ទំនងជាមុន៖ បង្កើតយន្តការទំនាក់ទំនងរហ័សរវាងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដើម្បីឱ្យមន្ទីរពេទ្យត្រៀមលក្ខណៈទទួលអ្នកជំងឺបានទាន់ពេល ។
ធានាស្ថេរភាពអ្នកជំងឺអំឡុងពេលបញ្ជូន៖ បំពាក់សម្ភារបរិក្ខារចាំបាច់ និងថ្នាំពេទ្យក្នុងរថយន្តសង្គ្រោះ ដើម្បីរក្សាស្ថេរភាពអ្នកជំងឺក្នុងអំឡុងពេលដឹកជញ្ជូន និងធានាថាមិនមានការបាត់បង់ជីវិតស្រ្តី ទារក និងកុមារ។
ពង្រឹងភាពជាអ្នកដឹកនាំ៖ បង្កើនការទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំនៅតាមមូលដ្ឋានសុខាភិបាល ដើម្បីធានាថាការអនុវត្ត MPDSR និងការឆ្លើយតបចំពោះករណីបន្ទាន់ត្រូវបានធ្វើឡើងដោយជោគជ័យ ។
២. ការដោះស្រាយចំណុចខ្វះខាតផ្នែកគ្លីនិក (PPH ដែលមានហានិភ័យខ្ពស់)
អនុវត្តតាមនីតិវិធីប្រតិបត្តិការស្តង់ដារ (SOP)៖ ជំរុញការប្រើប្រាស់ SOP ស្តីពីការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល (PPH/EMOTIVE) និងការពិនិត្យអេកូសាស្ត្រ ដើម្បីធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ ។
ពង្រឹងគុណភាពថែទាំករណីហានិភ័យខ្ពស់៖ បង្កើនការយកចិត្តទុកដាក់លើការថែទាំស្ត្រីដែលមានហានិភ័យខ្ពស់ តាមរយៈការអនុវត្ត SOP-ANC ដើម្បីកាត់បន្ថយមរណភាពទារកក្នុងផ្ទៃ និងមរណភាពមាតា ។
ធានាការផ្គត់ផ្គង់ឱសថ៖ ត្រូវធានាឱ្យមានការផ្គត់ផ្គង់ឱសថ និងសម្ភារវេជ្ជសាស្ត្រសម្រាប់គ្រប់គ្រងករណី PPH ឱ្យបានគ្រប់គ្រាន់ និងជាប្រចាំនៅគ្រប់កម្រិត ។
៣. ការដោះស្រាយការពន្យារពេលទី ១ (ការស្វែងរកសេវាថែទាំ)
បង្កើនការចូលរួមពីសហគមន៍៖ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកស្ម័គ្រចិត្តសុខភាពភូមិ ដើម្បីអប់រំ និងជំរុញឱ្យស្ត្រីមានផ្ទៃពោះទៅទទួលសេវាពិនិត្យផ្ទៃពោះ (ANC) យ៉ាងហោចណាស់ ៤ ដងប្រកបដោយគុណភាពដោយចំណាយពេលសួរនាំឱ្យបានច្រើនដើម្បីស្វែងរង High risk pregnancy ឱ្យបានទាន់ពេល។
ផ្តោតលើក្រុមងាយរងគ្រោះ៖ បង្កើតយុទ្ធសាស្ត្រគាំទ្រជាក់លាក់សម្រាប់ស្ត្រីដែលមានស្ថានភាពសេដ្ឋកិច្ចទាប ឬអ្នកដែលមានកូនច្រើន ដែលជួបឧបសគ្គក្នុងការធ្វើដំណើរទៅកាន់មូលដ្ឋានសុខាភិបាល ។
ការអប់រំអំពីសញ្ញាគ្រោះថ្នាក់៖ ផ្តល់ការអប់រំសុខភាពដល់ក្រុមគ្រួសារអំពីការកំណត់អត្តសញ្ញាណសញ្ញាគ្រោះថ្នាក់ក្នុងអំឡុងពេលមានផ្ទៃពោះ ដើម្បីកាត់បន្ថយការយឺតយ៉ាវក្នុងការសម្រេចចិត្តស្វែងរកសេវា។
លោកជំទាវ បន្ថែមថា សិក្ខាសាលារយៈពេល ២ ថ្ងៃនេះ នឹងកំណត់មូលដ្ឋានគ្រឹះសម្រាប់ការបំពេញតាមការប្តេជ្ញាចិត្តរបស់សន្និបាតសុខាភិបាល កាលពីខែមករា កន្លងទៅ។ លោកជំទាវ សូមដាក់ចេញនូវអាទិភាពចំណុចពិភាក្សា ដូចខាងក្រោម៖
១. ចែករំលែក និងធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពដែលសម្រេចបានរហូតមកដល់ពេលនេះក្នុងការ អនុវត្ត ការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប នៅទូទាំងប្រទេស។
២.បង្ហាញពីបញ្ហាប្រឈមដែលត្រូវបានកំណត់នៅក្នុងខេត្តនីមួយៗដោយផ្អែកលើការរកឃើញក្នុងឆ្នាំ ២០២៥
៣. សហការក្នុងការកំណត់ ការពិភាក្សា និងអនុវត្តផែនការសកម្មភាព រួមមាននីតិវិធីប្រតិបត្តិស្តង់ដា (SOP) ស្តីពី គភ៌ដែលមានហានិភ័យខ្ពស់ និងការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល (PPH) ជាមួយមន្ទីរពេទ្យថ្នាក់ជាតិ ដើម្បីដោះស្រាយគម្លាតសេវាកម្មដែលបានកំណត់ដោយខេត្តនីមួយៗ។
៤. កំណត់អត្តសញ្ញាណក្នុងការគាំទ្របច្ចេកទេសរួមគ្នាពីគណៈកម្មាធិការថ្នាក់ជាតិ ថ្នាក់មន្ទីរពេទ្យជាតិ និងដៃគូនានា ក្នុងការឈានទៅមុខនៅឆ្នាំ ២០២៦។
លោកជំទាវ មានទំនុកចិត្តយ៉ាងមុតមាំថា តាមរយៈការចូលរួមពីតំណាងមន្ទីរពេទ្យជាតិ និងមន្ត្រីជំនាញពីគ្រប់រាជធានី ខេត្តទាំង ២៥ យើងនឹងអាចបង្កើតបាននូវផែនការសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព ៕



