នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញតំណាងរដ្ឋបាលខេត្ត ចូលរួមសន្និសីទអ្នកវិនិយោគសម្រាប់គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ(SHV-LC) ក្រោមអធិបតីភាព ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ Novotel ខេត្តព្រះសីហនុ។
សន្និសីទដ៏មានសារៈសំខាន់នេះ ត្រូវបានសហការរៀបចំឡើង ក្នុងគោលបំណងសំខាន់ដើម្បី៖ បង្ហាញនូវសក្ដានុពល និងភាពទាក់ទាញរបស់គម្រោង SHV-LC ដល់អ្នកវិនិយោគដែលមានសក្តានុពល កម្រិតអន្តរជាតិ និងបង្កើតកិច្ចសហការយុទ្ធសាស្ត្រកម្រិតខ្ពស់ជាមួយអ្នកវិនិយោគជាតិ និងអន្តរជាតិ។
ជាលទ្ធផល តាមរយៈសន្និសីទនេះ តំណាងស្ថាប័ន អង្គភាពពាក់ព័ន្ធ បណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិសរុបប្រមាណ ១០០ រូប បានប្រមូលផ្តុំដើម្បីពិភាក្សាអំពីកាលានុវត្តភាពនៃការវិនិយោគ, និងជាពិសេសទិសដៅគោលដៅនយោបាយ របស់រដ្ឋាភិបាលក្នុងការគាំទ្រគម្រោងអភិវឌ្ឍន៍នេះ។
សូមជម្រាបផងដែរថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ(SHV-LC) នេះ ជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវបានអភិវឌ្ឍជំហានដំបូងនៅលើផ្ទៃដីទំហំប្រមាណ៤៩ហិកតា ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP)។
គម្រោងនេះ នឹងចូលរួមជំរុញ និងបង្កើនប្រសិទ្ធភាពភស្តុភារកម្មកម្ពុជា តាមរយៈការកាត់បន្ថយចំណាយ ផ្តល់សេវាកម្មតម្លៃបន្ថែម និងសម្រួលលំហូរទំនិញដើម្បីកាត់បន្ថយការកកស្ទះនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ



