លទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម P. Kumaran រដ្ឋលេខាធិការទទួលបន្ទុកខាងកើត នៃក្រសួងការបរទេសឥណ្ឌា នៅព្រះរាជាណាចក្រកម្ពុជា 

នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តម P. Kumaran រដ្ឋលេខាធិការទទួលបន្ទុកខាងកើត នៃក្រសួងការបរទេសឥណ្ឌា បានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦។ 

ក្នុងអំឡុងពេលទស្សនកិច្ចនៅរាជធានីភ្នំពេញ ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុកខាងកើត បានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីកម្ពុជា មាន ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាយ៉ាងទូលំទូលាយលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យផ្សេងៗ រួមមាន នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ការពារជាតិ និងសន្តិសុខ ភាពជាដៃគូអភិវឌ្ឍន៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ ការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការវប្បធម៌ ការតភ្ជាប់រូបវន្ត និងឌីជីថល។ល។ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពដែលសម្រេចបាននៅទូទាំងវិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានព្រមព្រៀងគ្នាស្វែងរកមធ្យោបាយថ្មីៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួមផងដែរ។

៣. ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋលេខាធិការ (ទទួលបន្ទុកខាងកើត) ក៏បានជួបជាមួយថ្នាក់ដឹកនាំកម្ពុជាផងដែរ។ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ (ទទួលបន្ទុកខាងកើត) បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីវិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌា និងកម្ពុជា។ នៅថ្ងៃដូចគ្នា ឯកឧត្តមរដ្ឋលេខាធិការ (ទទួលបន្ទុកខាងកើត) ក៏បានជួបជាមួយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងបានពិភាក្សាអំពីវឌ្ឍនភាពនៃគម្រោងសហប្រតិបត្តិការវប្បធម៌ឥណ្ឌា-កម្ពុជា ដែលកំពុងដំណើរការ។ នៅទីក្រុងភ្នំពេញ ឯកឧត្តមរដ្ឋលេខាធិការ (ទទួលបន្ទុកខាងកើត) ក៏បានជួបជាមួយអតីតនិស្សិតអាហារូបករណ៍ ICCR និងកម្មវិធីសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) ផងដែរ។ 

ក្នុងអំឡុងពេលទស្សនកិច្ចរបស់ ឯកឧត្តម នៅ ខេត្តសៀមរាប ឯកឧត្តមរដ្ឋលេខាធិការ (ទទួលបន្ទុកខាងកើត) បានទៅទស្សនាសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី (ដែលបង្កើតឡើងដោយមានជំនួយពីឥណ្ឌា ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា) ក៏ដូចជា ប្រាសាទតាព្រហ្ម ដែលជាទីតាំងនៃគម្រោងអភិរក្ស និងស្តារឡើងវិញ ដែលមានជំនួយពីឥណ្ឌា។

៥. កម្ពុជាគឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងគោលនយោបាយ “Act East” និងចក្ខុវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ឥណ្ឌា។ កម្ពុជាក៏ជាដៃគូសំខាន់របស់ឥណ្ឌានៅក្នុងតំបន់សកលលោកខាងត្បូងផងដែរ។