ការដាក់ឱ្យដំណើរការ “ផតថល IDPoor លើថ្នាលឌីជីថល គាំពារសង្គមកម្ពុជា ជាការបោះជំហានធ្វើទំនើបកម្ម និងពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យគាំពារសង្គម
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា ការដាក់ឱ្យដំណើរការផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា(ផតថល IDPoor លើថ្នាលឌីជីថល DSPP) ជាការបោះជំហានដ៏សំខាន់មួយ ក្នុងដំណើរការបន្តធ្វើទំនើបកម្ម និងពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យគាំពារសង្គមតាមបែបឌីជីថល។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការផតថល អត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចន ណារិទ្ធ បានឱ្យដឹងថា ផតថលIDPoorនេះ ត្រូវបានអភិវឌ្ឍន៍ឡើងជាមុខងារស្នូលមួយ នៅលើថ្នាលឌីជីថល DSPP ដែលបានចាប់ផ្តើមអនុវត្តជាដំណាក់កាល និងកំពុងបន្តពង្រីក វិសាលភាពទូទាំងប្រទេស ដើម្បីធានាឱ្យមានប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យ ដែលមានភាពសុក្រឹត, សង្គតិភាព, និងអាចធ្វើអន្តរប្រតិបត្តិការជា ប្រព័ន្ធអេកូឡូស៊ីរួម។ ឯកឧត្តមបន្តថា តាមរយៈសមត្ថភាពរបស់ថ្នាលឌីជីថល DSPP, ផតថល IDPoor អាចប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលទំនើបដែលមានស្រាប់ រួមមានមុខងារស្វែងរកអត្តសញ្ញាណរហ័ស (Fast Search) ដែលអាចស្វែងរកអត្តសញ្ញាណអ្នកទទួលផល តាមរយៈលេខសម្គាល់ខ្លួនមួយណាក៏បាន តួយ៉ាងដូចជាអត្តសញ្ញាណប័ណ្ណ, បណ្ណសមធម៌, បណ្ណសម្គាល់ជនមានពិការភាព, បណ្ណ ប.ស.ស. ឬគ្រាន់តែស្កេនខ្ចៅដៃ និងថតផ្ទៃមុខ, មុខងារចាប់យកតួអក្សរចេញពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបំពេញទិន្នន័យដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, និងការធ្វើអន្តរប្រតិបត្តិការជាមួយប្រព័ន្ធពាក់ព័ន្ធផ្សេងទៀត ព្រមទាំងការបង្កើតលេខសម្គាល់គាំពារសង្គមតែមួយគត់ (Unique SPID) សម្រាប់ពលរដ្ឋគោលដៅ និងបានបំពាក់នូវមុខងារផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណ ជាមួយប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណកម្មប្រជាជន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដើម្បីបង្កើនសុក្រឹត្យភាព តម្លាភាពនៃការចុះបញ្ជី និងការកំណត់ អត្តសញ្ញាណក្រុមគោលដៅ បានជាក់លាក់ជាងមុន។ ការប្រើប្រាស់ផតថលនេះ នឹងកាន់តែផ្ដល់ភាពងាយស្រួលដល់ រដ្ឋបាលថ្នាក់ ក្រោមជាតិ ជាពិសេស មន្ត្រីអនុវត្តកម្មវិធីនៅឃុំ-សង្កាត់ ក្នុងការកំណត់, ពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នកម្មព័ត៌មានគ្រួសារគោលដៅ និងសមាជិក តាមរយៈថ្នាលឌីជីថលតែមួយ ដែលមានលក្ខណៈស្តង់ដា, សាមញ្ញក្នុងការប្រើប្រាស់ និងអាចធ្វើអន្តរប្រតិបត្តិការ ជាមួយប្រព័ន្ធផ្សេងៗបាន។
ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានគាំទ្រចំពោះការធ្វើទំនើបកម្មនេះ ដោយបានថ្លែងថា ការធ្វើទំនើបកម្ម និងសុខដុមនីយកម្មនេះ នឹងរួមចំណែកជាកាតាលិករដ៏សំខាន់ ក្នុងការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការអនុវត្ត ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥ ដែលរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្ត កាលពីខែកុម្ភៈ ឆ្នាំ ២០២៥។ ឯកឧត្តម បានបន្តថា សមិទ្ធផលនាពេលនេះ គឺជាភស្តុតាងច្បាស់លាស់នៃកិច្ច សហការអន្តរស្ថាប័ន ប្រកបដោយសាមគ្គីភាព និងចក្ខុវិស័យរួម ក្នុងការលើកកម្ពស់ប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យកាន់តែទំនើប ប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។
គួរកត់សម្គាល់ថា ទិន្នន័យគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងវិស័យសុខាភិបាល, កម្មវិធីជាតិជំនួយសង្គម, កម្មវិធីឧបត្ថម្ភសាច់ប្រាក់, ការឆ្លើយតបគ្រោះអាសន្ន, និងកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្សនានា។ ការណ៍នេះបញ្ជាក់ថា IDPoor មិនត្រឹមតែជាមូលដ្ឋានទិន្នន័យមួយប៉ុណ្ណោះទេ ប៉ុន្តែជាហេដ្ឋារចនាសម្ព័ន្ធទិន្នន័យសង្គមដ៏ចាំបាច់ ដែលគាំទ្រដល់ការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងតម្លាភាពខ្ពស់។
គិតត្រឹមដំណាច់ ឆ្នាំ២០២៥កន្លងទៅនេះ, កម្មវិធីជាតិជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ពលរដ្ឋគោលដៅសរុបចំនួនប្រមាណ ៤,៨៤ លាននាក់ ឬស្មើនឹងប្រមាណ២៨ភាគរយ នៃពលរដ្ឋសរុប ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានវិភាជថវិការដ្ឋចំនួនប្រមាណជាង១.០២៧ប៊ីលានរៀល ឬស្មើនឹង ២៥៧លានដុល្លារអាម៉េរិក ដើម្បីអនុវត្តកម្មវិធីមួយចំនួនរួមមាន៖ ១. កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលក្រសោបនូវកម្មវិធីជាតិជំនួយសង្គមចំនួន៤រួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ, កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង); ២. កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍; ៣. កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ; ៤.
កម្មវិធីស្តារជីវភាពឡើងវិញ សម្រាប់ការផ្លាស់ប្តូរលំនៅឋានទៅក្រុងរុនតាឯក តេជោសែន និងឃុំពាក់ស្នែង នៃស្រុកអង្គរធំ ខេត្តសៀមរាប; ៥.មូលនិធិសមធម៌សុខាភិបាល; និង៦.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សម្រាប់សមាជិក ប.ស.ស. ជាស្ត្រី៕



