រដ្ឋបាលខេត្តព្រះសីហនុ ជំរុញការ ពង្រឹងសមត្ថភាពមន្ត្រីលើការគ្រប់គ្រងសំណល់ ដើម្បីប្រែក្លាយក្រុងឱ្យកាន់តែមានសោភ័ណ ភាព និងបរិស្ថានបៃតង

្រុងព្រះសីហនុ៖ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពសេវាសាធារណៈ និងលើកកម្ពស់មុខមាត់ខេត្តតំបន់ឆ្នេរ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នេះ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជន» ដែលបានរៀបចំឡើងយ៉ាងឱឡារិកនៅសណ្ឋាគារ ស៊ីស្តេប ផាលេស (Sea Step Palace) និងមានការចូលរួមពីតំណាងមន្ទីរបរិស្ថាន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរក្រុង-ស្រុក ព្រមទាំងតំណាងក្រុមហ៊ុនប្រមូលសំរាមក្នុងខេត្តផងដែរ។

វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែជាការចែករំលែកចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែគឺជាផ្នែកមួយនៃផែនការមេក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ដែលទាមទារឱ្យមានស្តង់ដារអនាម័យខ្ពស់បំផុត។
អង្គពិធីបានលើកយកចំណុចគោលដៅសំខាន់ៗចំនួន ៣ មកពិភាក្សា និងបណ្តុះបណ្តាល៖
១.ពង្រឹងសមត្ថភាពបច្ចេកទេស បណ្តុះបណ្តាលមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានឱ្យយល់ដឹងស៊ីជម្រៅអំពីបច្ចេកវិទ្យាថ្មីៗក្នុងការគ្រប់គ្រងសំណល់ និងនីតិវិធីរដ្ឋបាលទំនើប។
២.ការពង្រឹងច្បាប់ (អនុក្រឹត្យ ១១៣) បង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីធានាថាការគ្រប់គ្រងសំណល់ត្រូវបានធ្វើឡើងតាមស្តង់ដារបច្ចេកទេស និងគតិយុត្ត។
៣.ចក្ខុវិស័យទេសចរណ៍ និងវិនិយោគ ការកែប្រែសោភ័ណ ភាពខេត្តឱ្យស្អាត និងមានខ្យល់អាកាសបរិសុទ្ធ គឺជាមេដែកយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោ គិនអន្តរជាតិ និងភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន។

ថ្លែងក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ បានផ្តល់អនុសាសន៍យ៉ាងម៉ឺងម៉ាត់ថា ភាពស្អាតរបស់ទីក្រុងមិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មានការចូលរួមពីប្រជាពលរដ្ឋ គឺត្រូវមានម្ចាស់ការក្នុងការវេចខ្ចប់ ញែកសំណល់ (សំណល់ផ្ទះបាយ និងសំណល់ រឹង) និងបញ្ចេញសំរាមឱ្យចំម៉ោងដែលក្រុមហ៊ុនប្រមូល។ ត្រូវបង្កើនសមត្ថភាពដឹកជញ្ជូន បន្ថែមមធ្យោបាយ និងធានាថាគ្មានសំរាមសេសសល់ក្នុងភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ។ អាជ្ញាធរដែនដីត្រូវអនុវត្តវិន័យ និងការផាកពិន័យឱ្យបានតឹងរ៉ឹងចំពោះបុគ្គល ឬម្ចាស់អាជីវកម្មណាដែល បោះចោលសំរាមដោយអនាធិបតេយ្យ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ រដ្ឋបាលខេត្តរំពឹងថានឹងមានការប្រែប្រួលជាវិជ្ជមានលើ ប្រព័ន្ធគ្រប់គ្រងសំណល់ ដោយមន្ត្រីនឹងចុះអនុវត្តផ្ទាល់តាមមូលដ្ឋានកាន់តែសកម្មជាងមុន។ នេះគឺជាជំហានដ៏សំខាន់ក្នុងការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានា ដែលនឹងប្រព្រឹត្តទៅក្នុងខេត្តព្រះសីហនុនាពេលខាងមុខ។

សម្រួលអត្ថបទ៖ ស្រីមុំ