ហ្វីលីពីនប្រើប្រាស់ម៉ាស៊ីនថតកាំរស្មីអ៊ិចចល័តបំពាក់ AI ថ្មីដើម្បីពន្លឿនការត្រួតពិនិត្យនិងការព្យាបាលឱ្យបានឆាប់! ខណៈខ្លួនជាប់លេខ៣នៃជំងឺរបេងពិភពលោក លេខ២ឥណ្ឌូណេស៊ី និងលេខ១ឥណ្ឌា
បច្ចុប្បន្ននេះក្រុមគ្រូពេទ្យដែលធ្វើរោគវិនិច្ឆ័យជំងឺរបេង (TB) នៅប្រទេសហ្វីលីពីនកំពុងប្រើប្រាស់ម៉ាស៊ីនថតកាំរស្មីអ៊ិចចល័តដែលបំពាក់ដោយកម្មវិធីថ្មីដើម្បីរកឃើញមេរោគឲ្យបានលឿនជាងមុន ភ្ជាប់ជំនួយដោយម៉ាស៊ីនកុំព្យូទ័រ (CAD) ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ដើម្បីពន្លឿនការត្រួតពិនិត្យ ការរកឃើញដំបូង និងការព្យាបាលឲ្យបានឆាប់រហ័សដែរ។ “វាគឺជាការផ្លាស់ប្តូរពីឧបករណ៍ហ្គេម ក្រោមហេតុផលដ៏សាមញ្ញដែលអាចប្រើប្រាប់បញ្ញាសិប្បនិម្មិតនោះ ដើម្បីដឹងពីចំណុចសម្គាល់ ហើយបន្ទាប់មកក៏មានប៉ារ៉ាម៉ែត្រដើម្បីពិនិត្យមើលថាតើបណ្តុំនៃកាំរស្មីអ៊ិចមាន ឬមានលក្ខណៈសំគាល់អ្វីខ្លះរបស់អ្នកជំងឺរបេង ដែលនេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត Clarissa Dayrit-Halum ជាមន្ត្រីបច្ចេកទេសនៃអង្គការសុខភាពពិភព។ លោកស្រីបញ្ជាក់ថា “ទាំងអស់នេះត្រូវបានដំឡើងនៅក្នុងម៉ាស៊ីនថតកាំរស្មីអ៊ិចតែមួយរបស់យើងតែម្តង ហើយបន្ទាប់មកវានឹងអានលម្អិត ជំនួសឱ្យការអានរបស់ក្រុមវេជ្ជបណ្ឌិត និងមានការវាយតម្លៃពីការអានទាំងអស់របស់ AI យើងដែរ។ សូមកុំយល់ខុស ពួកគេនៅតែអានលទ្ធផលបានដដែល ដោយគ្រាន់តែថាវាជួយអានឲ្យបានលឿនជាងមុន។ ភាពត្រឹមត្រូវ និងភាពជាក់លាក់នៃ AI របស់យើងគឺមានកម្រិតខ្ពស់ណាស់ មិនតិចជាង ៩៩% នោះទេ។ បច្ចុប្បន្នជំងឺរបេងនៅក្នុងប្រទេសហ្វីលីពីនគឺជាបន្ទុកដ៏ធ្ងន់ធ្ងរមួយ ដោយប្រទេសនេះស្ថិតនៅលំដាប់ទី៣ទូទាំងពិភពលោក និងលំដាប់ទី២បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។ ប្រទេសឥណ្ឌាកាន់កាប់តំណែងកំពូលជាមួយនឹងករណីឆ្លងជំងឺនេះចំនួន២៦% នៃករណីឆ្លងជំងឺទូទាំងពិភពលោក នេះបើយោងតាមអង្គការសុខភាពពិភពលោក។ ចំណែកលោកវេជ្ជបណ្ឌិត Camilio Cesar R. Baluyot បានមានប្រសាសន៍ថា “ម៉ាស៊ីនថតកាំរស្មីអ៊ិចចល័តនេះនឹងជួយយើងក្នុងការត្រួតពិនិត្យ វានឹងពន្លឿនការត្រួតពិនិត្យដល់អ្នកជំងឺ ហើយវានឹងនាំឱ្យមានចំនួនអ្នកជំងឺចូលបានលឿនជាងមុន និងរហ័សជាងមុន បើប្រៀបធៀបទៅនឹងពេលវេលាត្រួតពិនិត្យទៅលើកាំរស្មីអ៊ិចធម្មតា”។ មនុស្សប្រហែល ៨.៣ លាននាក់នៅទូទាំងពិភពលោកត្រូវបានរាយការណ៍ថាទើបតែរកឃើញថាមានជំងឺរបេងក្នុងឆ្នាំ ២០២៤។ មិនមែនជាការឆ្លងទាំងអស់ត្រូវបានធ្វើរោគវិនិច្ឆ័យនោះទេ ហើយចំនួនកើតថ្មីកើតមានរហូតដល់ ៧៨% នៃចំនួនមនុស្សដែលប៉ាន់ស្មានថាពិតជាបានធ្លាក់ខ្លួនឈឺនៅឆ្នាំនោះមែន។ មន្ត្រីអង្គការសុខភាពពិភពលោកមើលឃើញថាការកើនឡើងនេះជាការចង្អុលបង្ហាញថា ការត្រួតពិនិត្យ និងការព្យាបាលកំពុងមានភាពប្រសើរឡើងបន្ទាប់ពីការរំខានដល់ការថែទាំសុខភាពអំឡុងពេលមានជំងឺរាតត្បាត COVID-19។ នៅទូទាំងពិភពលោក ចំនួនមនុស្សស្លាប់បណ្តាលមកពីជំងឺរបេងបានធ្លាក់ចុះក្នុងឆ្នាំ ២០២៤ មកនៅត្រឹម ១.២៣ លាននាក់ គឺធ្លាក់ចុះពី ១.២៥ លាននាក់កាលពីឆ្នាំមុន។ ជំងឺរបេងបណ្តាលមកពីបាក់តេរីដែលវាយប្រហារសួតមនុស្ស ហើយវារីករាលដាលតាមរយៈខ្យល់នៅពេលដែលមានអ្នកឆ្លងជំងឺក្អក ឬកណ្តាស់។ ប្រហែលមួយភាគបួននៃចំនួនប្រជាជនពិភពលោកត្រូវបានប៉ាន់ប្រមាណថាមានជំងឺរបេង ប៉ុន្តែមានតែប្រភាគតូចមួយប៉ុណ្ណោះដែលវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ។ វាអាចបណ្តាលឱ្យស្លាប់បាន ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា ហើយវាគឺជាមូលហេតុចម្បងមួយករណីស្លាប់នៅទូទាំងពិភពលោកដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



