លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Netanyahu និយាយថា៖ ខ្លួននឹងបន្តវាយប្រហារអ៊ីរ៉ង់និងលីបង់បន្តទៀត បើទោះបីជាលោក Trump កំពុងពិចារណាលើបទឈប់បាញ់ជាមួយអ៊ីរ៉ង់ក្តី
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងបន្តវាយប្រហារអ៊ីរ៉ង់ និងប្រទេសលីបង់បន្តទៀត ខណៈដែលសហរដ្ឋអាមេរិកកំពុងពិចារណាលើបទឈប់បាញ់ជាមួយពួកគេ។ លោក Netanyahu បាននិយាយថា លោកបាននិយាយជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ជាអ្នកដែលបញ្ជាក់ប្រាប់លោកថា “វាមានឱកាស” ដើម្បីទាញយកផលប្រយោជន៍ពីសមរភូមិសង្រ្គាមទៅជាកិច្ចព្រមព្រៀងមួយដែលសម្រេចបាននូវគោលបំណងពិតប្រាកដហើយ។ លោកបានមានប្រសាសន៍ថា “ក្នុងពេលជាមួយគ្នានោះដែរ យើងបន្តវាយប្រហារ ទាំងនៅក្នុងប្រទេសអ៊ីរ៉ង់ និងនៅក្នុងប្រទេសលីបង់ សំដៅក្រុមហេបូឡា”។ លោកបានបន្ថែមថា “នៅមានរឿងជាច្រើនទៀតដែលនឹងកើតឡើង។ យើងនឹងការពារផលប្រយោជន៍សំខាន់ៗរបស់យើងក្នុងស្ថានភាពណាមួយ”។ លោក Trump បានផ្អាកការសម្ពាធយោធាលើអ៊ីរ៉ង់ដោយពន្យារពេលកំណត់របស់លោកពី៤៨ម៉ោង ទៅ៥ថ្ងៃទៀត ដើម្បីឲ្យពួកគេពិចារណាដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងពន្យារពេលការវាយប្រហារលើរោងចក្រថាមពលអ៊ីរ៉ង់ដែរ។ លោក Trump បាននិយាយថា សហរដ្ឋអាមេរិកបានចរចាជាមួយមេដឹកនាំអ៊ីរ៉ង់ “ដែលគួរឱ្យគោរពម្នាក់” ប៉ុន្តែអ៊ីរ៉ង់វិញបានបដិសេធការចរចាណាមួយដែលនឹងកើតឡើង ហើយបាននិយាយថា ប្រធានាធិបតីអាមេរិកកំពុងរកល្បិចដកថយ បន្ទាប់ពីការព្រមានរបស់ពួកគេ ហើយសង្ឃឹមថានឹងមានការធានាលើទីផ្សារហិរញ្ញវត្ថុថ្មីជាមួយនឹង “ព័ត៌មានក្លែងក្លាយតែប៉ុណ្ណោះ”។ តម្លៃប្រេងបានធ្លាក់ចុះបន្តិច ហើយភាគហ៊ុនបានកើនឡើងវិញ ប៉ុន្តែទីផ្សារសកលនៅតែផុយស្រួយដដែល។ ទន្ទឹមនឹងនោះដែរ លោកប្រធានាធិបតី Trump បាននិយាយថា កិច្ចព្រមព្រៀងណាមួយត្រូវតែពាក់ព័ន្ធនឹងការបញ្ចប់សមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយអនុញ្ញាតឱ្យសហរដ្ឋអាមេរិកត្រូវយកឱ្យបាននូវសារធាតុអ៊ុយរ៉ាញ៉ូមដែលអ៊ីរ៉ង់ចម្រាញ់បាន៕
សម្រួលអត្ថបទ៖ សុផារិន្ទ



