គម្រោងស្ដារប្រឡាយបុរាណ ចំនួន២ខ្សែ មានប្រវែង ជាង៤០០០ម៉ែត្រ ផ្ដល់ប្រយោជន៍សំខាន់លើការអភិរក្ស និងរក្សាទឹកទុក
ខេត្តសៀមរាប ៖ ការងារស្ដារប្រឡាយទឹកបុរាណចំនួន២ខ្សែ មានប្រវែង សរុប៤៣៩០ម៉ែត្រ ស្ថិតនៅក្នុងឃុំដូនកែវ ស្រុកពួក ដោយរយៈពេល២ឆ្នាំមកនេះ គម្រោងគ្រប់គ្រងទឹកអង្គរប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច ឬ Angkor Water Resilience Project (AWR) របស់អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយប្រទេសនូវែលហ្សេឡង់(New Zealand)។
ប្រឡាយទឹកបុរាណទាំងពីរខ្សែនេះ បានបញ្ចប់រួចរាល់ជាស្ថាពរ និងបានរួមចំណែកក្នុងការងារអភិរក្សប្រឡាយទឹកបុរាណ ទេសភាពវប្បធម៌ និងជាប្រព័ន្ធរំដោះទឹកជំនន់ចេញពីតំបន់អង្គរ និងក្រុងសៀមរាប ព្រមទាំងជួយរំដោះទឹកភ្លៀងចេញពីភូមិដ្ឋានរបស់ពលរដ្ឋផង។ ប្រឡាយ២ខ្សែនេះ ក៏មានតួនាទីជួយរក្សាទឹកទុកសម្រាប់ពលរដ្ឋក្នុងឃុំ យកទៅស្រោចស្រពស្រែចម្ការ ដំណាំ និងផ្តល់ផលនេសាទ ព្រមទាំងធ្វើជាផ្លូវដីតាមខ្នងទំនប់សងខាងប្រឡាយ សម្រាប់ពលរដ្ឋក្នុងភូមិអាចធ្វើចរាចរ និងដឹកជញ្ជូនកសិផលជាដើម។
បច្ចុប្បន្ននេះ មានពលរដ្ឋក្នុងភូមិមួយចំនួន កំពុងទទួលប្រយោជន៍ដោយផ្ទាល់ពីគម្រោងស្ដារប្រឡាយបុរាណ២ខ្សែនេះ ដូចជា ភូមិគោកត្នោត ភូមិប្រាសាទចារ្យ និងភូមិល្បើក។ ជាមួយគ្នានេះ មានពលរដ្ឋនៅភូមិខ្លះទៀត ក៏ទទួលផលដោយប្រយោលពីប្រឡាយបុរាណនេះដែរ ដូចជាភូមិនគរក្រៅ ភូមិគោកបេង ភូមិគោកពោធិ៍ ភូមិរហាល ភូមិពាម និងភូមិតាស្នែ ជាដើម។
សូមបញ្ជាក់ថា គម្រោងAWR ក៏បានធ្វើការសាងសង់សំណង់ធារាសាស្ត្រមួយចំនួននៅតាមបណ្តោយប្រឡាយទាំងនេះថែមទៀត ដូចជាសំណង់ទ្វារទឹកថ្មីចំនួន៤កន្លែង សំណង់បង្ហៀរ១កន្លែង និងជួសជុលទំនប់សងខាងប្រឡាយប្រវែង១០០០ម៉ែត្រ៕



