គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤ ដើម្បីពង្រឹងប្រសិទ្ធភាពការងារលើកកម្ពស់សុខុមាលភាពស្ត្រី និងកុមារ
(ខេត្តព្រះសីហនុ)៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤ នៅសាលប្រជុំក្រុម ប្រឹក្សាខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធាន គ.ក.ស.ក ខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកា គ.ក.ស.ក ខេត្ត តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍នានាផងដែរ។
ក្នុងកិច្ចប្រជុំនេះ សមាជិកសមាជិកាទាំងអស់បានពិភាក្សាយ៉ាងផុសផុល និងសម្រេចបាននូវលទ្ធផលសំខាន់ៗ រួមមាន៖
• ការអនុម័តរបៀបវារៈ៖ អង្គប្រជុំបានពិនិត្យ និងឯកភាពលើសេចក្តីព្រាងរបៀបវារៈសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី២០ នេះប្រកបដោយស្មារតីទទួលខុសត្រូវ។
• ការតាមដានវឌ្ឍនភាពការងារ៖ បានពិនិត្យឡើងវិញនូវរាល់សកម្មភាព និងបញ្ហាដែលបានលើកឡើងក្នុងកិច្ចប្រជុំលើកទី១៩ ដើម្បីធានាថា រាល់ការងារទាំងអស់ត្រូវបានអនុវត្តទៅតាមផែនការដែលបានគ្រោងទុក។
• ការកំណត់ទិសដៅការងារខែមេសា៖ អង្គប្រជុំបានដាក់ចេញនូវផែនការសកម្មភាពសម្រាប់ខែបន្ទាប់ ជាពិសេសការបង្កើនការយកចិត្តទុកដាក់លើសុខុមាលភាពស្ត្រី និងកុមារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។
• ការដោះស្រាយបញ្ហាប្រឈម៖ បានស្តាប់របាយការណ៍បច្ចុប្បន្នភាពពីតាមបណ្តាក្រុង-ស្រុក និងដាក់ចេញនូវវិធានការដោះស្រាយចំពោះបញ្ហាដែលនៅសេសសល់ឱ្យមានប្រសិទ្ធភាព។
មានប្រសាសន៍បូកសរុបក្នុងឱកាសនោះ លោកជំទាវ ប្រាក់ ច័ន្ទសុខា បានកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសមាជិកាទាំងអស់ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តក្នុងការបម្រើការងារកន្លងមក។ ជាមួយគ្នានេះ លោកជំទាវបានផ្តល់អនុសាសន៍គន្លឹះមួយចំនួនដូចជា៖
១. ពង្រឹងយន្តការថ្នាក់ក្រោមជាតិ៖ ជំរុញឱ្យ គ.ក.ស.ក ក្រុង-ស្រុក និងការិយាល័យសង្គមកិច្ច ត្រូវពិនិត្យដោះស្រាយបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់លទ្ធភាព មុននឹងលើកករណីទាំងនោះមកដោះស្រាយបន្តនៅថ្នាក់ខេត្ត។
២. ពង្រីកកិច្ចសហការ៖ បន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយអង្គការដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលានូវរាល់សំណូមពរ និងតម្រូវការរបស់បងប្អូនស្ត្រី និងកុមារ ដែលជាក្រុមគោលដៅងាយរងគ្រោះ។
៣. ការរាយការណ៍៖ ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធធ្វើរបាយការណ៍ឱ្យបានច្បាស់លាស់ និងទៀងទាត់មកអាជ្ញាធរពាក់ព័ន្ធ ដើម្បីងាយស្រួលក្នុងការតាមដាន និងជួយជ្រោមជ្រែងដល់យុវជន និងគ្រួសារដែលជួបការលំបាក។
ជាកិច្ចបញ្ចប់ លោកជំទាវប្រធានអង្គប្រជុំ បានជូនពរដល់សមាជិក សមាជិកាទាំងអស់ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ចការងារ ដើម្បីរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើនថែមទៀត៕
អត្ថបទ៖ ម៉ារ៉ាឌី



