រដ្ឋាភិបាលជប៉ុនបាននិយាយថា៖ ជនជាតិជប៉ុនដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីរ៉ង់កាលពីឆ្នាំមុន បានដោះលែងវិញហើយនិងមានសុខភាពល្អធម្មតា
អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ជនជាតិជប៉ុនម្នាក់ក្នុងចំណោមពីរនាក់ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានដោះលែងហើយ និងមានសុខភាពល្អធម្មតាថែមទៀតផង។ លេខាធិការគណៈរដ្ឋមន្ត្រី លោក Minoru Kihara បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូនៅព្រឹកថ្ងៃចន្ទនេះថា បុគ្គលនោះបានទៅដល់ប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យតាមរយៈប្រទេសអាហ្សាក់បៃហ្សង់ បន្ទាប់ពីបានចាកចេញពីប្រទេសអ៊ីរ៉ង់នៅថ្ងៃទី ២០ខែមីនា។ ទាក់ទងនឹងពលរដ្ឋជប៉ុនម្នាក់ទៀត ដែលត្រូវបានឃុំខ្លួនកាលពីដើមឆ្នាំនេះនៅទីក្រុងតេអេរ៉ង់វិញ លោក Kihara បាននិយាយថា រដ្ឋាភិបាលរបស់លោកនៅតែបន្ត “ជំរុញឱ្យមានការដោះលែងឱ្យបានឆាប់ ហើយនឹងផ្តល់ការគាំទ្រដល់បុគ្គលនោះ និងក្រុមគ្រួសាររបស់គេយ៉ាងពេញទំហឹងដែរ”។ ក្រសួងការបរទេសមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ហើយក៏មិនបាននិយាយថា តើករណីទាំងពីរនេះមានទំនាក់ទំនងគ្នាដែរឬក៏យ៉ាងណា៕
សម្រួលអត្ថបទ៖ សុផារិន្ទ



