កក្រើកតំបន់ឆ្នេរតារារះនាទិសនិរតី! មនុស្សជាង ១ម៉ឺននាក់ ចូលរួម “ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី១១“ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំ “ការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី១១” បានចាប់ផ្តើមដំណើរការយ៉ាងអធិកអធម នៅតំបន់ឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ នេះ ដោយមានអ្នកចូលរួមចុះឈ្មោះ យ៉ាងច្រើនកុះកររហូតដល់ជាង ១០,០០០ នាក់។

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

ក្នុងឱកាសបើកវិញ្ញាសារត់ប្រណាំង ឯកឧត្តម ម៉ាង ស៊ីណេត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិទាំងអស់។ ឯកឧត្តមបានប្រសាសន៍លើកឡើងថា ខេត្តព្រះសីហនុដែលត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី» កំពុងត្រូវបានកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា “ព្រឹត្តិការណ៍កីឡាមិនមែនគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះប្រទេសជាតិ ស្របតាមបាវចនា «កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងទាក់ទាញស្វាគមន៍»”។

ឯកឧត្តមបានបន្តទៀតថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យកីឡាត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដែលវាមិនត្រឹមតែផ្តល់នូវសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីកិត្យានុភាពជាតិទៅកាន់ពិភពលោក ដូចដែលកម្ពុជាធ្លាប់ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះ SEA Games លើកទី៣២ កន្លងមក ដែលបង្ហាញថា «កម្ពុជាប្រទេសតូច ប្រទេសក្រ ក៏ប៉ុន្តែបេះដូងធំទូលាយជាងមហាសមុទ្រ»។

ដើម្បីគាំទ្រដល់ព្រឹត្តិការណ៍ធំៗបែបនេះ រដ្ឋបាលខេត្តបាននិងកំពុងខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន រួមមាន៖
• ការរៀបចំកែលម្អឆ្នេរសមុទ្រ សួនច្បារ និងកំពង់ផែទេសចរណ៍ស្តង់ដារ។
• ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការស្នាក់នៅ ម្ហូបអាហារ និងការរក្សាភាពញញឹម រួសរាយរាក់ទាក់។
• ការជំរុញឱ្យមានរមណីយដ្ឋានចម្រុះបែប ដូចជាការជិះទូកកាយ៉ាក ការទស្សនាជីវចម្រុះបាតសមុទ្រ និងសហគមន៍កសិទេសចរណ៍។
សកម្មភាពនៃការរត់ប្រណាំង។

គួរបញ្ជាក់ផងដែរថា កម្មវិធីបានចាប់ផ្តើមបង្ហួសកាំភ្លើងសញ្ញាចេញដំណើរជាបន្តបន្ទាប់តាំងពីម៉ោង ០៥:១០ នាទីព្រឹក រួមមានវិញ្ញាសារ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ០៥គីឡូម៉ែត្រ និង ០៣គីឡូម៉ែត្រ។

ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានជូនពរដល់កីឡាករទាំងអស់ឱ្យទទួលបាននូវសេចក្តីសុខ និងភាពកក់ក្តៅ ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះនឹងនាំជូននូវអនុស្សាវរីយ៍ល្អៗមិនអាចបំភ្លេចបាន ព្រមទាំងជួយលើកកម្ពស់ស្មារតីស្នេហាជាតិ និងពង្រឹងសាមគ្គីភាពរវាងប្រតិភូកីឡាមកពីគ្រប់ទិសទីផងដែរ៕

អត្ថបទ៖ ម៉ារ៉ាឌី