អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងធម្មការនិងសាសនា បើកសិក្ខាសាលាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននិងApp NoDrug ដល់គ្រីស្ទបរិស័ទ ។
ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងធម្មការនិងសាសនា និងក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បានសហការរៀបចំសិក្ខាសាលាការលើកកម្ពស់ការផ្សព្វផ្សាយ អប់រំ ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្នុងវិស័យគ្រីស្ទបរិស័ទ ដើម្បីផ្សព្វផ្សាយ អប់រំ បន្ត។
លោក ហម គីមលី អនុប្រធានក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បានស្វាគមន៍ និងរាយការណ៍ ថា សាខាខេត្តកំពង់ស្ពឺ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយសុខដុមនីយកម្មសាសានា អ៊ីម៉ាំ គ្រូគង្វាល បូជាចារ្យ និងក្រុមជំនុំតែងបានចូលរួមផ្សព្វផ្សាយ អប់រំ បង្ការនូវបញ្ហាផ្សេងៗ ក្នុងសហគមន៍មូលដ្ឋាន។
ក្នុងនាមឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានកោតសសើរនិងអរគុណដល់កិច្ចសហការរៀបចំសិក្ខាសាលាចូលរួមឆ្លើយតបជាមួយរាជរដ្ឋាភិបាលនីតិកាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនេជាការងារអាទិភាពក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដាក់ចេញនូវវិធានការម៉ឺងម៉ាត់ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិអនុវត្តឱ្យបានខ្ជាប់ខ្ជួនការចូលរួមពីគណ:អ៊ីម៉ាំ គ្រូគង្វាល បូជាចារ្យ អាចារ្យ ជាកម្លាំងសំខាន់ចាំបាច់ក្រៅពីអប់រំព្រះធម៌ត្រូវអប់រំពីបញ្ហាគ្រឿងញៀនដល់ក្រុមគ្រួសារយើង បរិស័ទយើង “ផ្ទះអ្នកផ្ទះខ្ញុំគ្មានគ្រឿងញៀន ភូមិខ្ញុំគ្មានគ្រឿងញៀន សហគមន៍មានសុវត្ថិភាពគ្មានគ្រឿងញៀន ” ហើយទីណាគ្មានអ្នកជក់ គឺគ្មានអ្នកលក់គ្រឿងញៀន ” និងបំផុសឲ្យអ្នកចូលរួមទាំងអស់ផ្សព្វផ្សាយឱ្យគ្រួសារនៃគ្រីស្ទបរិស័ទប្រើប្រាស់ App NoDrug ដើម្បីទទួលបានការដោះស្រាយបញ្ហាគ្រឿងញៀនប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព។
ថ្លែងក្នុងនាម ឯកឧត្តម ចាយ បូរិន្ទ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ក្នុងឱកាសនោះ ឯកឧត្តម ឈិត សុគន្ធី រដ្ឋលេខាធិការ បានថ្លែងអំណរគុណ អរគុណ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់ផ្នែកទាំងអស់ដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃចូលរួមក្នុងសិក្ខាសាលាដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ ដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន និងចែករំលែកទៅដល់គ្រីស្ទបរិស័ទ និងសាសនិកផ្សេងៗទៀត ដើម្បីបានចូលរួមចំណែកបង្ការ និងចៀសឆ្ងាយពីគ្រឿងញៀន។ គោលនយោបាយសុខដុមនីយកម្មសាសនារបស់រាជរដ្ឋាភិបាលគឺផ្តល់សិទ្ធិ សេរីភាព ជំនឿ ដល់គ្រប់សាសនិកទាំងអស់អាចសិក្សាស្វែងយល់ ចូលរួមជាមួយសាសនាណាមួយតាមចិត្តចង់ព្រោះថាគ្រប់សាសនាទាំងអស់សុទ្ធតែបានអប់រំមនុស្សឱ្យប្រព្រឹត្តអំពើល្អដើម្បីទទួលបានសេចក្តីសុខ ហើយការចូលរួមផ្សព្វផ្សាយ អប់រំ ពីបញ្ហាគ្រោះថ្នាក់នៃគ្រឿងញៀនដល់បរិស័ទរបស់ខ្លួនពីគណ:អ៊ីម៉ាំ គ្រូគង្វាល បូជាចារ្យ អាចារ្យ ក្រុមជំនុំគឺជាការសាងនូវអំពើល្អ យើងនឹងទទួលបានសេចក្តីសុខ ដោយគ្មានអំពើហិង្សានិងឧក្រិដ្ឋកម្ម។



