ខេត្តព្រះសីហនុ ៖ សាសនិកឥស្លាមប្រមាណជាង ៣,០០០នាក់ បានមកជួបជុំគ្នាយ៉ាងកុះករ ក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន (Ramadan) ដែលប្រារព្ធឡើង នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ក្នុងភូមិអូសំអាត សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ពិធីដ៏មានអត្ថន័យនេះ ត្រូវបានដឹក នាំរៀបចំដោយ លោក គង់ អាស់ម៉ាប់ ប្រធានសមាគមខ្មែរឥស្លាមខេត្តព្រះសីហនុ ដើម្បីអបអរសាទរការបញ្ចប់នូវកាតព្វកិច្ចបួសដ៏វិសុទ្ធ រយៈពេលមួយខែពេញ។
ខែបួសរ៉ាម៉ាឌន គឺជាកាតព្វកិច្ចសាសនាដ៏សំខាន់បំផុតមួយ ដែលសាសនិកឥស្លាមទូទាំងពិភពលោកត្រូវអនុវត្ត។ សម្រាប់ឆ្នាំនេះ ការបួសបានចាប់ផ្ដើមឡើងតាំងពីថ្ងៃទី១៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី២១ ខែមីនា។ ក្នុងអំឡុងពេលនេះ សាសនិកទាំងអស់ត្រូវ តមការបរិភោគអាហារ និងភេសជ្ជៈ ចាប់ពីព្រលឹមស្រាងៗ រហូតដល់ថ្ងៃលិច មានការអត់ធ្មត់ និងវិន័យ រក្សានូវសីលធម៌ រួមទាំងការតមនូវសកម្មភាពដែលនាំឱ្យសាសនាហាមឃាត់ផ្សេងៗ ហើយក៏ ជាពេលវេលានៃការធ្វើទាន ការចែករំលែក និងការយល់ចិត្តទុកដាក់ចំពោះអ្នកខ្វះខាត។
នៅក្នុងពិធីស្រាយបួសនៅភូមិអូសំអាតនេះ យើងសង្កេតឃើញមានវត្តមានសាសនិកឥស្លាមមកពីគ្រប់មជ្ឈដ្ឋាន និងគ្រប់ជាតិសាសន៍ ដែលកាន់សាសនាឥស្លាម បានមកជួបជុំគ្នាបង្ហាញពីស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ។ លោក គង់ អាស់ម៉ាប់ បានមានប្រសាសន៍ក្នុងពិធីនោះថា ការជួបជុំនេះមិនត្រឹមតែជាការបញ្ចប់ការបួសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងបងប្អូនខ្មែរឥស្លាមក្នុងខេត្តព្រះសីហនុឱ្យកាន់តែជិតស្និទ្ធថែមទៀត។
“បន្ទាប់ពីឆ្លងកាត់ការសាកល្បងនូវការអត់ធ្មត់រយៈពេលមួយខែ បងប្អូនយើងឥឡូវនេះមានសេរីភាពពេញលេញក្នុងការបរិភោគ និងប្រកបកិច្ចការងារប្រចាំថ្ងៃជាធម្មតាវិញ ប្រកបដោយស្មារតីថ្មី និងសេចក្ដីជ្រះថ្លា”។
ការប្រារព្ធពិធីនេះ ក៏ជាសក្ខីភាពបង្ហាញពី សុខដុមនីយកម្មសាសនា នៅក្នុងប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលតែងតែផ្ដល់សិទ្ធិសេរីភាពយ៉ាងទូលំទូលាយដល់គ្រប់សាសនាទាំងអស់ ក្នុងការប្រតិបត្តិជំនឿតាមទំនៀមទម្លាប់រៀងៗខ្លួន។
អត្ថបទ: ស្រីមុំ



