អភិបាលខណ្ឌឫស្សីកែវ៖ បណ្តាវត្តទាំងឡាយក្នុងខណ្ឌឫស្សីកែវតែងតែជួយទំនុកបម្រុងដល់សកម្មភាពមនុស្សធម៌របស់ខណ្ឌ
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាវត្តទាំងឡាយក្នុងខណ្ឌឫស្សីកែវ ដែលតែងតែជួយទំនុកបម្រុងដល់សកម្មភាពមនុស្សធម៌របស់ខណ្ឌ តាម
រយៈការផ្តល់អំណោយជាបន្តបន្ទាប់នាពេលកន្លងមកនេះ។
ក្នុងពិធីប្រគល់ និងទទួលអំណោយរបស់សាលាអនុគណខណ្ឌឫស្សីកែវ នាវត្តញាណរង្សី រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវបានថ្លែងថា ព្រះសង្ឃតាមបណ្តាវត្តទាំងអស់ក្នុងខណ្ឌតែងមានទឹកព្រះទ័យជ្រះថ្លាក្នុងការរួមចំណែកដោះស្រាយការខ្វះខាតសម្រាប់ពល រដ្ឋក្រីក្រ ក្នុងនោះក៏មានក្រុមគ្រួសារកងទ័ពដែលមានច្រើននៅក្នុងមូលដ្ឋាន ហើយដែលអាជ្ញាធរខណ្ឌតែងតែធ្វើការផ្គត់ផ្គង់សម្រាប់ជីវភាពរបស់ពួកគាត់មួយអន្លើៗ ហើយចំណែកចំពោះវីរកងទ័ពដែលបាន ចុះពីសមរភូមិមុខមកសម្រាកព្យាបាល អាជ្ញាធរខណ្ឌក៏តែងតែជួបសាកសួរសុខទុក្ខ និងឧបត្ថម្ភជាថវិកា ដើម្បីជាការលើកទឹកចិត្តចំពោះពួកគាត់ ដែលជាអ្នកមានគុណបំណាច់យ៉ាងធំធេងក្នុងការការពារបូរណភាពទឹកដី និងការពារក្តីសុខជូនប្រជាពលរដ្ឋ ដោយបានលះបង់សាច់ស្រស់ឈាមស្រស់ធ្វើការ ប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពាន ដោយមិនទុកឱ្យវីរកងទ័ព និងគ្រួសារកងទ័ពរបស់យើងមានការខ្វះខាតនោះទេ។ លោកអភិបាលខណ្ឌឫស្សីកែវបានគូសបញ្ជាក់ថា ខណ្ឌបានលៃលក សន្សំសំចៃ ត្រៀមបម្រុងទុកនូវស្បៀងសម្រាប់ពលរដ្ឋក្រីក្រខ្វះខាត សម្រាប់មន្ត្រីរាជការ និងកម្លាំងប្រជាការពារដោយធានាថាមិនឱ្យពួកគាត់ដាច់បាយនោះឡើយ។ នេះមានន័យថា សាលាខណ្ឌ បានគិតគូយកចិត្តទុកដាក់ទាំងទៅលើគ្រួសារកងទ័ព ប្រជាពលរដ្ឋក្រីក្រខ្វះខាត និងមន្ត្រីនៅក្នុងខណ្ឌ របស់ខ្លួនចាប់តាំងពីថ្នាក់ភូមិឡើងទៅរហូតដល់បងប្អូនប្រជាការពារផងដែរ។
ក្នុងឱកាសនេះ ព្រះគ្រូរតនប្បជ្ជោតិ ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ និងជាព្រះចៅអធិការវត្តញាណរង្សី រួមទាំងព្រះចៅអធិការទាំង៥ ក្នុងខណ្ឌឫស្សីកែវ បានសម្តែងនូវទឹកព្រះទ័យរីករាយដែលបានរួមចំណែកក្នុងការផ្តល់អំណោយដែលតាមបណ្តាវត្តទទួលបានពីប្រជាពុទ្ធបរិស័ទយកមកប្រគេន ហើយ ដែលវត្តបានប្រើប្រាស់មួយចំនួន និងមួយចំនួនទៀតក៏លៃលកទុកប្រគល់ជូនសាលាខណ្ឌ ដើម្បីយកទៅចែកជូនចំពោះពលរដ្ឋខ្វះខាតជាបន្តបន្ទាប់។ ដោយឡែកក្នុងថ្ងៃនេះអំណោយដែលបានផ្តល់ជូនដល់ ខណ្ឌឫស្សីកែវ រួមមាន៖ អង្ករ ទឹកក្រូច មី ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ ត្រីខ ទឹកដោះគោ ស្ករស តែ សម្ភារផ្ទះបាយ និងថវិកា សរុបជាទឹកប្រាក់ប្រមាណ ៧,៩៨០,០០០រៀល។
សូមជម្រាបថា ក្នុងឱកាសនេះ អាជ្ញាធរខណ្ឌឫស្សីកែវក៏បានប្រគេនដល់វត្តញាណរង្សីនូវកៅអីចំនួន៥០០ទុកសម្រាប់ប្រើប្រាស់តាមតម្រូវការរបស់វត្តផងដែរ៕



