មេដឹកនាំកូរ៉េខាងជើង Kim Jung Un និងកូនស្រីចម្រើនវ័យ១៣ឆ្នាំបង្ហាញខ្លួនជិះរថក្រោះមើលការហ្វឹកហាត់នៃកងទ័ពកូរ៉េរបស់ខ្លួន! ខណៈអ្នកវិភាគបញ្ជាក់ថានាងអាចនឹងត្រូវជិតតែងតាំងជាអ្នកស្នងតំណែងហើយ

វត្តមានចុងក្រោយបានបង្ហាញពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jung Un និងកូនស្រីវ័យជំទង់របស់លោកបានជិះរថក្រោះរួមគ្នា បន្ទាប់ពីពួកគេបានអញ្ជើញទស្សនាការបាញ់រ៉ុក្កែត និងបាញ់កាំភ្លើងខ្លី។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការបានរាយការណ៍ថាលោក Kim បានត្រួតពិនិត្យការបាញ់ប្រហារនោះ និងសកម្មភាពសមយុទ្ធផ្សេងទៀតដែលពាក់ព័ន្ធនឹងអង្គភាពកងរថក្រោះ និងកងទ័ពថ្មើរជើង ហើយបានអំពាវនាវឱ្យត្រៀមរៀបចំបញ្ចប់សង្គ្រាម។ តាមរយៈ KCNA បានបង្ហាញរូបលោក Kim និងកូនស្រីរបស់លោក ស្លៀកអាវស្បែកពណ៌ខ្មៅ ជិះរថក្រោះពណ៌បៃតងផ្លែអូលីវ ជាមួយទាហានផ្សេងទៀតអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍។ គេបានឃើញកូនស្រីមេដឹកនាំរូបនេះ បានអើតចេញមកពីគម្របរថក្រោះ និងញញឹមពព្រាយពេលអង្គុយលើដំបូងរថក្រោះ។ ជាក្មេងស្រីដែលតែងតែទៅណាមកជាមួយឪពុក Kim Ju Ae ចម្រើនវ័យបាន១៣ឆ្នាំហើយ! នាងជាក្មេងស្រីដែលមានឥទ្ធិពលនៅតាមព្រឹត្តិការណ៍ធំៗរបស់យោធា និងព្រឹត្តិការណ៍ផ្សេងៗទៀតជាច្រើនដែរ ចាប់តាំងពីចុងឆ្នាំ២០២២មក ដែលបង្កឱ្យអ្នកវិភាគខាងក្រៅសន្មត់ថា នាងទំនងជាអ្នកស្នងមរតករបស់មេដឹកនាំដ៏មានឥទ្ធិពលមួយរបស់ពិភពលោក គឺកូរ៉ខាងជើងលោក Kim Jung Un ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានហៅនាងថា «ជាបុត្រីជាទីស្រឡាញ់បំផុត» ឬ «គួរឱ្យគោរពបំផុត» របស់លោក Kim តាមរយៈការចុះផ្សាយរូបភាពវីដេអូ និងរូបថតដែលបង្ហាញពីភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរជាយូរមកហើយ។ កាលពីខែកញ្ញាឆ្នាំ២០២៥ ក្មេងស្រីរូបនេះក៏បានទៅកាន់ទីក្រុងប៉េកាំងជាមួយឪពុករបស់នាងដែរ អំឡុងពេលដែលចិនប្រារព្ធពិធីចូលឆ្នាំថ្មី ដោយនាងបានថើបថ្ពាល់ឪពុករបស់នាងជាសាធារណៈ។ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបានវាយតម្លៃកាលពីខែមុនថា លោក Kim Jung Un អាចជិតនឹងតែងតាំងនាងជាអ្នកស្នងតំណែងរបស់លោកនា ពេលឆាប់ៗខាងមុខ។ អ្នកជំនាញខ្លះមិនយល់ស្របនឹងការវាយតម្លៃនោះទេ ដោយលើកឡើងពីអាយុវ័យក្មេងរបស់លោក Kim Jung Un និងលក្ខណៈជាបុរសខ្លាំងនៃឋានានុក្រមអំណាចរបស់កូរ៉េខាងជើងដែរ។ ទន្ទឹមនឹងនេះ ការហ្វឹកហ្វឺនរបស់កូរ៉េខាងជើងបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងចូលរួមក្នុងសមយុទ្ធយោធាប្រចាំឆ្នាំរបស់ពួកគេ ដែលកូរ៉េខាងជើងចាត់ទុកថាជាការហាត់សមឈ្លានពានពីសំណាក់ខាងត្បូង៕

សម្រួលអត្ថបទ៖ សុផារិន្ទ