ក្រសួងការពារជាអាម៉េរិកស្នើសុំថវិកា២០០ប៊ីលានដុល្លារបន្ថែមទៀតដើម្បីធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់! ដែលវាជាចំនួនដ៏ខ្ពស់មិនធម្មតា ខណៈលោក Trump បញ្ជាក់ថាវាជាតម្លៃដ៏តូចមួយសម្រាប់សន្តិសុខជាតិ

មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់និយាយថា មន្ទីរបញ្ចកោណកំពុងស្វែងរកថវិកាបន្ថែមចំនួន ២០០ ប៊ីលានដុល្លារអាម៉េរិកសម្រាប់បន្តធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់។ យោងតាមមន្ត្រីរូបនេះបានឲ្យដឹងថាក្រសួងការពារជាតិអាម៉េរិកបានផ្ញើសំណើនេះទៅកាន់សេតវិមាន។ អ្នកឆ្លើយឆ្លងព័ត៌មាន AP គឺលោក Konstantin Toropin នៃមន្ទីរបញ្ចកោណបាននិយាយថា វាជាចំនួនដ៏ខ្ពស់មិនធម្មតានោះទេ ហើយវាលើសពីថវិកាបន្ថែមដែលក្រសួងការពារជាតិបានទទួលរួចហើយកាលពីឆ្នាំមុននៅក្នុងរបាយការណ៍កាត់បន្ថយពន្ធដ៏ធំរបស់លោកប្រធានាធិបតី Donald Trump។ លោក Toropin បាននិយាយថា “សំណើថវិកាចំនួន ២០០ ប៊ីលានដុល្លារនឹងកើនលើសពីថវិកាដ៏ច្រើនសន្ធឹកសន្ធាប់របស់មន្ទីរបញ្ចកោណ ដែលមានស្រាប់ត្រឹមតែចំនួនជាង ៨០០ ប៊ីលានដុល្លារអាម៉េរិកប៉ុណ្ណោះ។ ហើយវាបានកើតឡើងនៅពេលដែលរដ្ឋាភិបាលកំពុងដំណើរការឱនភាពដ៏ធំមួយដែរ។ ការិយាល័យថវិកាសភាបានរកឃើញថា ឱនភាពចំណាយបច្ចុប្បន្នរបស់រដ្ឋាភិបាលសហព័ន្ធមានប្រហែលជា ១.៩ ទ្រីលានដុល្លារអាម៉េរិក”។ ហើយនៅពេលអ្នកកាសែតសួរអំពីតួលេខចំណាយនេះនៅក្នុងសន្និសីទសារព័ត៌មានចំពោះមុខរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pete Hegseth មិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ដោយផ្ទាល់នោះទេ ដោយលោកនិយាយថាវាអាចនឹងផ្លាស់ប្តូរ តាមជាក់ស្តែង។ សភាបាននឹងកំពុងត្រៀមខ្លួនសម្រាប់សំណើចំណាយថ្មីនេះ ប៉ុន្តែវាមិនច្បាស់ទេថាតើវានឹងមានការគាំទ្រឬអត់? លោក Trump និយាយថា វាជាតម្លៃតូចមួយដែលត្រូវចំណាយសម្រាប់សន្តិសុខជាតិ។ លោក Toropin បានលើកឡើងទៀតថា “រវាងភាពមិនពេញនិយមនៃជម្លោះនៅក្នុងប្រទេសអ៊ីរ៉ង់បានកើនឡើងក្នុងចំណោមពីសំណាក់បក្សប្រជាធិបតេយ្យ និងភាពស្ទាក់ស្ទើរពីក្រុមអ្នកអភិរក្សនិយមផ្នែកហិរញ្ញវត្ថុក្នុងការបែងចែកមូលនិធិបន្ថែមទៀតដល់មន្ទីរបញ្ចកោណ សំណើសុំមូលនិធិបន្ថែមនេះទំនងជាអាចប្រឈមមុខនឹងសមរភូមិដ៏លំបាកមួយនៅ Capitol Hill ក៏ថាបាន៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ