រដ្ឋមន្រ្តីសុខាភិបាល៖ «មិនត្រូវមេីលរំលងចំណុចខ្សោយរបស់ខ្លួនយេីងឡើយ៖ ការទទួលស្គាល់ចំណុចទាំងនោះ គឺជាជំហានឆ្ពោះទៅរកការកែលម្អបានប្រសេីរឡេីង។»
ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងប្រសាសន៍ខាងលើ បែបនេះ នៅក្នុងឱកាសដែលឯកឧត្ដមអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦មុននេះ។
តាមរបាយការណ៍លទ្ធផលនៃអង្គសន្និបាត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្ទីរ និងមន្ដ្រីសុខាភិបាលទាំងអស់ ដែលបានសហការយ៉ាងជិតស្និតក្នុងការដឹកនាំ និងបម្រើសេវាសុខាភិបាល ជូនប្រជាជនប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព និងសមធម៌ ដោយមិនទុកឱ្យនរណាម្នាក់ ដោយមិនទទួបាលការថែទាំ និងព្យាបាលនោះឡើយ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ថ្ងៃនេះជាឱកាស និងការពិភាក្សាគ្នា ដើម្បីបង្កើតជាឱកាសនៃការប្តេជ្ញាចិត្តទៅមុខបន្តទៀត ដើម្បីសម្រេចបានជោគជ័យ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីយកទៅអនុវត្តសម្រាប់ឆ្នាំបន្ត ឱ្យទទួលបានការអភិវឌ្ឍកាន់តែប្រសើរឡើងថែមទៀត ដូចតទៅ៖
១- ការពង្រឹងប្រព័ន្ធសុខាភិបាល ថែទាំសុខភាពសម្រាប់ប្រជាជន៖ ដោយត្រូវពង្រឹងសមត្ថភាពមណ្ឌលសុខភាពជាជួរមុខ និងពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែក ជាខ្សែបន្ទាប់ឱ្យបានរឹងមាំ។
២- ការបន្តបង្កើនគុណភាពសេវាឱ្យប្រសើរ៖ អនុវត្តស្តង់ដា និងគោលការណ៍បច្ចេកទេសសុខាភិបាល, ពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក, ធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានសុខាភិបាល, គ្រូពេទ្យ និងអ្នកវិជ្ជាជីវៈ ត្រូវរក្សាសេចក្តីថ្លៃថ្នូរ និងក្រមសីលធម៌វិជ្ជាជីវៈ។
៣- ការកែលម្អហេដ្ឋារចនាសម្ព័ន្ឋ និងសម្ភារបរិក្ខារ៖ គ្រប់មន្ទីរពេទ្យ មណ្ឌលសុខភាព យកចិត្តទុកដាក់ កែលម្អ និងថែទាំអគារ និងបន្ទប់បម្រើសេវាឱ្យបានសមស្រប រួមទាំងអនាម័យល្អ, បរិក្ខារពេទ្យ និងប្រព័ន្ធនសការគ្រប់គ្រងឱ្យបានត្រឹមត្រូវ។
៤- ការបង្ការជំងឺឆ្លង និងស្រាវជ្រាវជំងឺមិនឆ្លង៖ ពង្រឹងការតាមដាន និងឆ្លើយតបជំងឺឆ្លងរាតត្បាត ឱ្យបានឆាប់ និងដោយបុរេសកម្ម និងបន្តកម្មវិធីចាក់វ៉ាក់សាំងបង្ការដល់កុមារឱ្យបានគ្រប់ៗគ្នា និងការអប់រំសុខភាពដល់ប្រជាពលរដ្ឋ។
៥- សុខភាពមាតា ទារក និងកុមារ៖ បង្កើនការថែទាំមុនពេលសម្រាល និងក្រោយសម្រាល ធានាការសម្រាលដោយសុវត្ថិភាព និងពង្រីកកម្មវិធីអាហារូបត្ថម្ភកុមារ។
៦- លើកកម្ពស់ការចូលរួមរបស់សហគមន៍៖ លើកទឹកចិត្តសហគមន៍ចូលរួម ក្នុងការថែទាំសុខភាព និងការផ្សព្វផ្សាយអប់រំសុខភាពដល់ប្រជាពលរដ្ឋ ពង្រឹងតួនាទីគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិ។
៧- ការពង្រឹងការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ
៨- បង្កើនកិច្ចសហការគ្រប់វិស័យ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូនានា។
មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានសង្ឃឹមថាថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលទាំងអស់ នឹងយកបទពិសោធនៃការងារឆ្នាំកន្លង ទៅអនុវត្តក្នុងការកែលម្អ និងរៀបចំផែនការរបស់មន្ទីរសុខាភិបាល ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យ និងមណ្ឌលសុខភាព សម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តឱ្យឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រី មន្ទីរពេទ្យសម្ព័ន្ធមេត្រី មន្ទីរ អភិបាលក្រុង ស្រុក ព្រមទាំងក្រុមប្រឹក្សាឃុំ សង្កាត់ ភ្ញៀវកិត្តិយស និងថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលនៃ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង។



