ឯកឧត្តម ជា សុមេធី ស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាដើម្បីធ្វើការផ្សព្វផ្សាយទិវាជាតិសង្គមកិច្ចនេះ ឲ្យបានទូលំទូលាយ ដើម្បីឲ្យប្រជាជនកម្ពុជា បានយល់ដឹងកាន់តែច្បាស់ពីអត្ថន័យនៃទិវានេះ
យោងតាមរយៈអនុក្រឹត្យលេខ១៥៥ អនក្រ.បក ចុះថ្ងៃទី១០ ខែកក្កដា ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៩ ខែមីនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិសង្គមកិច្ច។ សម្រាប់ឆ្នាំ២០២៦នេះដែល ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានរៀបចំពិធីអបអរសាទរទិវាជាតិសង្គមកិច្ច លើកទី២ និងទិវាសង្គមកិច្ចពិភពលោក លើកទី១៩ ក្រោមប្រធានបទ «រួមគ្នាកសាងក្តីសង្ឃឹម និងភាពសុខដុមរមនា» ដោយមានកិច្ចសហការជាមួយអង្គការដៃគូ សមាគមអ្នកវិជ្ជាជីវៈសង្គមកិច្ច គ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ និងឯកជន និងដៃគូអភិវឌ្ឍពាក់ព័ន្ធ។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា ពិតណាស់កម្ពុជាត្រូវការកម្លាំងសេវាសង្គម ដែលជាអ្នកអាជីពសង្គមកិច្ច អ្នកអាជីពសង្គមកិច្ចរង អ្នកសង្គមកិច្ចបឋម និងអ្នកសង្គមកិច្ចសម្ព័ន្ធ ក្នុងការបម្រើការងារក្នុងស្ថាប័នរាជរដ្ឋាភិបាល ឬអង្គការមិនមែនរដ្ឋាភិបាល រួមនិងវិស័យឯកជន ដើម្បីចូលរួមចំណែកដល់ការផ្លាស់ប្តូរ និងការកសាងសង្គមមួយ ប្រកបដោយភាពសុខដុម និងផាសុខភាព ដែលកម្លាំងសេវាសង្គម ត្រូវធ្វើការជាមួយប្រជាជន និងសហគមន៍ ជាពិសេស ជាមួយប្រជាជនក្រីក្រ ប្រជាជនរងគ្រោះ និងងាយរងគ្រោះ រួមមាន កុមារ យុវជន មនុស្សពេញវ័យ ជនពិការ ស្ត្រី មនុស្សវ័យចាស់ គ្រួសារនិងសហគមន៍ ដើម្បីលើកកម្ពស់ និងដោះស្រាយបញ្ហាប្រឈម ជំរុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងសមធម៌សង្គម តាមរយះសេវាសង្គមកិច្ច និងការគាំទ្រផ្លូវចិត្ត ផ្លូវកាយ សម្ភារៈ ការសិក្សាអប់រំ សេដ្ឋកិច្ចសង្គម និងនយោបាយ។ល។
ឯកឧត្តម ជា សុមេធី បន្តទៀតថា «រួមគ្នាកសាងក្តីសង្ឃឹម និងភាពសុខដុមរមនា» គឺជាប្រធានបទមួយ ដែលបានប្រកាសដោយសហព័ន្ធអ្នកសង្គមកិច្ចអន្តរជាតិ ដែលផ្តោតសំខាន់ទៅលើតួនាទី របស់កម្លាំងសេវាសង្គម ក្នុងការផ្តល់ការគាំទ្រនូវតម្រូវការជាមូលដ្ឋាន និងការកសាងអារម្មណ៍សុខសុវត្ថិភាពជូនដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងសហគមន៍ តាមរយះការគាំទ្រឲ្យគ្នាទៅវិញទៅមក ក៏ដូចជា ចង់បង្ហាញពីតួនាទីរបស់កម្លាំងសេវាសង្គម ដែលមានគុណតម្លៃ និងក្រមសីលធម៌ ចំណេះដឹងនិងជំនាញ ក្នុងការផ្តល់សេវាជូនជនរងគ្រោះ និងជនងាយរងគ្រោះ ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព និងបរិយាបន្ត។
ឯកឧត្តម រដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨ ជាពិសេស ការរៀបចំយន្តការ និងការអភិវឌ្ឍន៍កម្លាំងសេវាសង្គមនៅកម្ពុជា ឲ្យមានប្រសិទ្ធភាព និងសម្រេចបានជោគជ័យ តាមការគ្រោងទុកនោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ដូចជា អង្គភាពជំនាញរបស់ក្រសួង និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តកិច្ចសហការ និងពន្លឿនការអនុវត្តអនុសាសន៍ទី១៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី លើការជំរុញបង្កើតគណៈវិជ្ជាជីវៈសង្គមកិច្ច ដើម្បីធានាគុណភាព ការចុះបញ្ជី ការទទួលស្គាល់ និងការផ្តល់អាជ្ញាបណ្ណដល់ភ្នាក់ងារ និងកម្លាំងសេវាសង្គមនៅកម្ពុជា ដើម្បីការពារហានិភ័យវិជ្ជាជីវៈ ដែលអាចកើតឡើងចំពោះអ្នកផ្តល់សេវាសង្គម និងអ្នកទទួលសេវា ឲ្យបានឆាប់រហ័ស ព្រមទាំទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រីគ្រប់លំដាក់ថ្នាក់ បង្កើនបរិមាណ និងគុណតម្លៃនៃកម្លាំងសេវាសង្គម ព្រមជាមួយនឹងការរៀបចំផែនការ ពង្រាយកម្លាំងសេវាសង្គមទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, បង្កើនការយកចិត្តទុកដាក់ និងលើកទឹកចិត្តតាមគ្រប់មធ្យោបាយ ដើម្បីលើកកម្ពស់កម្លាំងសេវាសង្គមនៅក្នុងសហគមន៍ ជាពិសេស បន្តរៀបចំទិវាជាតិនេះជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការងារសង្គមកិច្ច និងតួនាទីរបស់កម្លាំងសេវាសង្គម ក៏ដូចជា ការចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ដើម្បីអភិវឌ្ឍការងារសង្គមកិច្ច និងកម្លាំងសេវាសង្គម ឲ្យកាន់តែប្រសើរឡើងថែមទៀត។
ក្នុងឪកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី ជំរុញឲ្យស្ថាប័នរដ្ឋនិងឯកជន គួរតែរៀបចំឲ្យមានទារកដ្ឋាននៅកន្លែងការងារ ដើម្បីលើកកម្ពស់សុខភាពម្តាយ និងទារក និងជាការគិតគូដល់បុគ្គលិកជាស្ត្រី មានពេលវេលាគ្រប់គ្រាន់ក្នុងការមើលថែកូនតូចបានដិតដល់ ជាពិសេស គិតគូពីប្រសិទ្ធភាពការងារនិងចំណេញពេលជាងមុន។



