កម្ពុជាត្រៀមរៀបចំការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់វិស័យកាហ្វេ និងទេសចរណ៍
ក្រោមកិច្ចសហការរវាងអង្គការ Cambodia International Chamber of Commerce (CICC) ជាមួយក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការគាំទ្រពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភាគីចិន កម្ពុជានឹងមានការរៀបចំការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅទីតាំងសណ្ឋាគារ Oakwood Premier Phnom Penh, One park នៅរាជធានីភ្នំពេញ។
នេះបើតាមការបញ្ជាក់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៨ ខែមីនា ដែលបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍, លោក ប៉ិច សានី អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម , តំណាងអង្គការ CICC និងវត្តមានដ៏សំខាន់របស់តំណាងក្រុមហ៊ុន គិរីកាហ្វេ (Kiri Coffee) ក្នុងនាមជាអ្នកឧបត្ថម្ភគាំទ្រកម្មវិធី រួមទាំងមានភាគីចិន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនទៀត។
ថ្លែងនាឱកាសនោះឯកឧត្តម ឱក តារារិទ្ធិ បានបញ្ជាក់ថា គោលបំណងនៃការប្រកួតនេះ គឺដើម្បីលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈទេសចរណ៍ និងពង្រឹងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈនៅកម្ពុជា។ លោកបានសង្កត់ធ្ងន់លើការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ “ពីគ្រាប់កាហ្វេ ដល់ពែងកាហ្វេ” (From Bean to Cup) ដើម្បីបង្កើនភាពទាក់ទាញវិនិយោគិន។ ស្របជាមួយគ្នានេះ ការចូលរួមឧបត្ថម្ភពី គិរីកាហ្វេ (Kiri Coffee) ដែលជាម៉ាកយីហោកាហ្វេខ្មែរឈានមុខគេមួយ គឺជាសក្ខីភាពនៃការគាំទ្រដល់ផលិតកម្មកាហ្វេក្នុងស្រុក និងការជំរុញតម្លៃគ្រាប់កាហ្វេខ្មែរឱ្យមានភាពលេចធ្លោក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ។
លោក ប៉ិច សានី អគ្គនាយករងធនាគារ ARDB ក៏បានបន្ថែមថា កម្មវិធីនេះជាវេទិកាសម្រាប់ចែករំលែកបទពិសោធ និងបង្កើតបណ្តាញទំនាក់ទំនង។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ គិរីកាហ្វេ (Kiri Coffee) ដែលមិនត្រឹមតែផ្តល់ការឧបត្ថម្ភជាកញ្ចប់ថវិកា និងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងសក្តានុពលកាហ្វេកម្ពុជា ឱ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីសាធារណជន និងទីផ្សារអន្តរជាតិ។
សូមបញ្ជាក់ដែរថា ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍សិល្បៈឡាតេអាតជើងឯកអន្តរជាតិលើកទី១ (1st International Championships Latte Art – ICLA) ដែលមានការទទួលស្គាល់ជាអន្តរជាតិពីស្ថាប័ន ICLA របស់ប្រទេសចិន។ ការចូលរួមរបស់បណ្តាក្រុមហ៊ុនក្នុងស្រុកដូចជា គិរីកាហ្វេ ត្រូវបានគេមើលឃើញថាជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការរុញច្រានឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានទទួលជោគជ័យក្នុងការរៀបចំកម្មវិធីខ្នាតអន្តរជាតិនេះ៕



