គណៈកម្មការទី៥ នៃព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីស្វែងយល់អំពីសមិទ្ធផលការងារដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៥ និងទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ព្រឹទ្ធសភា (គណៈកម្មការទី៥) ជួបពិភាក្សាការងារជាមួយប្រតិភូថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នាសាលភក្តីវិក្រម ៣ ព្រឹទ្ធសភា
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធាន និងតំណាងគណៈកម្មការនានា នៃព្រឹទ្ធសភា និងថ្នាក់ដឹកនាំជំនាញជាច្រើនរូប។
គោលបំណងសំខាន់នៃជំនួបពិភាក្សានាពេលនេះ ដើម្បីស្វែងយល់អំពីសមិទ្ធផលការងារ ដែលក្រសួងព័ត៌មានសម្រេចបានក្នុងឆ្នាំ២០២៥ និងទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៥ រួមមាន
១- វឌ្ឍនភាពនៃការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៃព្រះរាជាណាចក្រកម្ពុជា
២-ការអនុវត្តកិច្ចការទំនាក់ទំនងសាធារណៈជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ទាក់ទងនឹងយន្តការ និងវិធានការនៃការគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានប្រពៃណី និង ឌីជីថល (វិទ្យុ ទូរទស្សន៍ អ្នកយកព័ត៌មានតាមបណ្តាញសង្គម…។ល។) ៣- វឌ្ឍនភាពនៃដំណើការការកសាងសេចក្តីព្រាងច្បាប់នានាស្តីពី វិស័យយព័ត៌មាន និង ៤-បញ្ហាផ្សេងៗពាក់ព័ន្ធវិស័យព័ត៌មាន ជាពិសេស ក្នុងកាលៈទេសៈដែលប្រទេសជាតិប្រឈមមុខនឹងវិបត្តិ (សុខភាព, សន្តិសុខ, បរិស្ថាន …) ជាពិសេស សង្រ្គាមឈ្លានពានពីសំណាក់ប្រទេសជិតខាង។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្តា បានគោរពរាយការណ៍ពីសមិទ្ធផលដែលក្រសួងព័ត៌មានសម្រេចបាន ផែនការយុទ្ធសាស្ត្រក្នុងការដឹកនាំវិស័យព័ត៌មាន ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងកិច្ចការងារព័ត៌មាននិងសាធារណមតិជាដើម។
ជួបពិភាក្សាការងារ និងពិគ្រោះយោល់រវាងក្រសួងព័ត៌មាន និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភានាឱកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន លេខាធិការ សមាជិក សមាជិកា ឬតំណាងគណៈកម្មការនានាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការព្រឹទ្ធសភា សមាជិកខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា មន្រ្តីជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មាន សរុប៩១រូប៕



