«ខេត្តព្រះសីហនុ បើកទ្វារស្វាគមន៍វិនិយោគិនចិន តាមរយៈកម្មវិធីស្វែងរកឱកាសវិនិយោគថ្មី និងគោលនយោបាយលើកទឹកចិត្តពិសេស»
ក្រុងព្រះសីហនុ៖ នៅសណ្ឋាគារ អាជូណា សូលីទ័រ (កំពង់ដេវ៉ា) នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ មានការរៀបចំកម្មវិធីដ៏មានសារៈ សំខាន់មួយគឺ «ដំណើរទេសចរណ៍ស្វែងរកឱកាសវិនិយោគកម្ពុជា-ចិន នៅខេត្តព្រះសីហនុ» (The Cambodia-China Investment Exploration Tour)។ កម្មវិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ហង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួង ទេសចរណ៍ និងលោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោក ឯម ភាព អភិបាល រងខេត្ត បានលើកឡើងថា កម្មវិធីនេះមិនត្រឹមតែជាវេទិកាសម្រាប់បង្កើតបណ្តាញអាជីវកម្មរវាងវិនិយោគិននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាជាសញ្ញាណនៃការពង្រឹងកិច្ចសហប្រតិបត្តិការយូរអង្វែង។ លោកបានសង្កត់ធ្ងន់ថា ខេត្តព្រះសីហនុមានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម ឧស្សាហកម្ម និងភស្តុភារកម្ម។ រដ្ឋបាលខេត្តប្តេជ្ញាផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ឆាប់រហ័ស និងប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាព និងទំនុកចិត្តដល់វិនិយោគិន។
លោកបានអញ្ជើញវិនិយោគិនឱ្យបន្តសិក្សាស្វែងយល់បន្ថែមពីបរិយាកាសវិនិយោគដ៏អំណោយផល ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល។
ឯកឧត្តម ហង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ក្រោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ វិស័យទេសចរណ៍ត្រូវបានចាត់ទុកជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ យោងតាមតួលេខសំខាន់ៗក្នុងឆ្នាំ២០២៥ កន្លងទៅ ភ្ញៀវទេសចរអន្តរជាតិសរុប៖ ៥,៥៧ លាននាក់ ភ្ញៀវទេសចរចិនប្រមាណ ១,២ លាននាក់ (ស្មើនឹង ៤១,៥%)
ទន្ទឹមនឹងនេះ ដើម្បីបង្កើនភាពងាយស្រួល និងទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន ឯកឧត្តមបានប្រកាសពីគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ដោយចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ប្រជាពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែនធម្មតា អាចស្នាក់នៅកម្ពុជាបានរហូតដល់ ១៤ថ្ងៃ ដោយមិនបាច់មានទិដ្ឋាការ។
កម្មវិធីនេះក៏បានឆ្លុះបញ្ចាំងពីជោគជ័យនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលបានផ្តល់ផលប្រយោជន៍ផ្ទាល់ដល់សេដ្ឋកិច្ច និងទេសចរណ៍។ មុននឹងបញ្ចប់ ឯកឧត្តមបានអំពាវនាវដល់សាធារណជនឱ្យចូលរួមក្នុងយុទ្ធនាការ៖ «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់!» ដើម្បីជំរុញឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ និងវិនិយោគប្រកបដោយភាពធន់ និងបរិយាប័ន្ន។

សម្រួលអត្ថបទ៖ ម៉ារ៉ាឌី


