រដ្ឋមន្រ្តីសុខាភិបាល៖ «ធនធានមនុស្សក្នុងវិស័យសុខាភិបាល មិនមែនជាបញ្ហាបន្ទាប់បន្សំទេ៖ ការវិនិយោគលើប្រធានបទនេះ គឺជាការវិនិយោគលើអនាគតនៃការរីកចម្រេីនសេដ្ឋកិច្ចជាតិ ដែលធនធាននេះជាកត្តាកំណត់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធថែទាំសុខភាពរបស់ប្រជាជន។»

រាជធានីភ្នំពេញ៖  ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា  រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាសឯកឧត្តម
ជួបប្រជុំជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃនាយកដ្ឋានធនធានមនុស្ស និងលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិកនៃមន្ទីរពេទ្យជាតិទាំងអស់ នៅទីស្តីការក្រសួងសុខាភិបាល កាលពីថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦។

គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ដោយមនសិការវិជ្ជាជីវៈ ឆន្ទៈមុះមុត ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងការចូលរួមយ៉ាងសកម្ម ក្នុងការបម្រើសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព និងសមធម៌។

ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់មន្រ្តីនាយកដ្ឋាន និងមន្ទីរពេទ្យយកទៅអនុវត្តបន្ត ដូចខាងក្រោម៖
១) ការគ្រប់គ្រងធនធានមនុស្ស ត្រូវអនុវត្តតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត ស្របតាមគោលការណ៍ និងនីតិវិធី សំដៅប្រមូលផ្តុំធនធានមនុស្សសុខាភិបាលប្រកបដោយសមត្ថភាព ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
២) លើកកម្ពស់គុណភាពនៃការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល និងការអភិវឌ្ឍវិជ្ជាជីវៈបន្ត សម្រាប់ផ្តល់ធនធានមនុស្សសុខាភិបាលនូវសមត្ថភាព ជំនាញចម្រុះ និងចំណេះដឹង។
៣) ការពង្រឹងអភិបាលកិច្ច និងភាពជាអ្នកដឹកនាំ ក្នុងការជ្រើសរើសបុគ្គលិកសុខាភិបាល និងការបែងចែក ការរក្សាទុក និយ័តកម្ម និងការវាយតម្លៃសមិទ្ធកម្ម។
៤) ការផ្តល់បរិយាកាសការងារសមស្រប សុវត្ថិភាព និងកត្តាជំរុញ ដើម្បីលើកទឹកចិត្តដល់បុគ្គលិក សុខាភិបាល ធ្វើការឱ្យអស់ពីសក្តានុពល ដែលជំរុញឆ្ពោះទៅរកគុណភាពសេវាសុខាភិបាល។
៥) សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រកបដោយប្រសិទ្ធភាព និងជំហរច្បាស់លាស់។
៦) ចូលរួមពង្រឹងប្រសិទ្ធភាពការងារ តម្លាភាព និងសុចរិតភាព។