ឯកឧត្តម មាស សាវ៉ន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ វឌ្ឍនភាពការងារ ត្រៀមសម្រាប់ VECONAC ឆ្នាំ ២០២៦

នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គលេខាធិការរង ប្រចាំការ អ.ន.ក និងជាអគ្គលេខាធិការ VECONAC បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ របាយការណ៍ វឌ្ឍនភាពការងារត្រៀមសម្រាប់មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥ ដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនាព្រឹកនេះមានការចូលរួមពីប្រធាន និងសមាជិកក្រុមការងារទាំង៦ នៃលេខាធិការដ្ឋាន VECONAC ដែលប្រព្រឹត្តទៅនៅសាលប្រជុំ អ.ន.ក.។ 

ឯកឧត្តម គីម សុផារុន អគ្គលេខាធិការរង អ.ន.ក. និងជាប្រធានលេខាធិការដ្ឋាន VECONAC ឆ្នាំ ២០២៦ បានមានប្រសាសន៍ស្វាគមន៍ និងរាយការណ៍សង្ខេបពីវឌ្ឍនភាពការងារ និងទិសដៅអនុវត្តរបស់ លេខាធិការដ្ឋាន VECONAC ជូនឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គលេខាធិការរង ប្រចាំការ អ.ន.ក និងជាអគ្គលេខាធិការ VECONAC។

ក្នុងកិច្ចប្រជុំនេះ ប្រធានក្រុមការងារទាំង៦ នៃលេខាធិការដ្ឋាន VECONAC បានរាយការណ៍ពីការងារសម្រេចបានតាមផ្នែក និងបញ្ហាប្រឈមនានាទាក់ទងនឹងការងារត្រៀមរៀបចំមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥ នាពេលខាងមុខ ជូនឯកឧត្តមអគ្គលេខាធិការ VECONAC ជ្រាប និងផ្ដល់យោបល់បន្ថែម។

បន្ទាប់ពីស្តាប់ការរាយការណ៍របស់ប្រធានលេខាធិការដ្ឋាន និងប្រធានក្រុមការងារទាំង៦ រួច ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គលេខាធិការរង ប្រចាំការ អ.ន.ក និងជាអគ្គលេខាធិការ VECONAC បានថ្លែង កោតសរសើរដល់ប្រធាន និងសមាជិកនៃលេខាធិការដ្ឋានទាំងអស់ដែលបានខិតខំធ្វើការងារនានាដើម្បីត្រៀមរៀបចំមហាសន្និបាតនាពេលខាងមុខ និងបានសម្រេចឯកភាព គម្រោង និងផែនការមួយចំនួនរបស់ប្រធានក្រុមទាំង៦ ដែលរៀបចំ និងត្រៀមរៀបចំ។ 

អគ្គលេខាធិការ VECONAC  ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន បន្ថែមថា លេខាធិការដ្ឋាន និងក្រុមការងារទាំង៦ ត្រូវអនុវត្តតាមសេចក្តីសម្រេច និងអនុសាសន៍របស់ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានប្តូរវេន VECONAC ទាំង៩ចំនុចដែលបានដាក់ជូនកន្លងមក និងត្រូវធ្វើបច្ចុប្បន្នភាពរបាយការណ៍ការងារក្រុមទាំងអស់ ជាពិសេសរបាយការណ៍ហិរញ្ញវត្ថុ ក្នុងកិច្ចដំណើរការរៀបចំមហាសន្និបាតនាពេលខាងមុខទៅក្រុមការងារហិរញ្ញវត្ថុនៃលេខាធិការដ្ឋានដើម្បីប្រមូលរៀបចំដាក់ជូន ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានប្តូរវេន VECONAC ពិនិត្យ និងសម្រេច។

សូមបញ្ជាក់ថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាលប្រទេសអាស៊ាន(VECONAC) លើកទី២៥ នាខែតុលា ឆ្នាំ២០២៦ ខាងមុខ។ នេះគឺជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់មួយ ដែលបង្ហាញពីការចូលរួមរបស់ កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ រួមចំណែកដល់សន្តិភាព ស្ថិរភាព សុខដុមរមនា ការអភិវឌ្ឍ និងលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងពិភពលោក៕