ប្រធានាធិបតីអាហ្សង់ទីន លោក Milei បាននិយាយថាលោកសូមគាំទ្រចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ព្រោះអ៊ីរ៉ង់ជារដ្ឋភេរវកម្ម
ប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei បានអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះនៃការវាយប្រហារភេរវកម្មឆ្នាំ ១៩៩២ នៅស្ថានទូតអ៊ីស្រាអែលនៅទីក្រុង Buenos Aires (ប៊ុយណូស៊ែរ)។ អំឡុងពេលថ្លែងសុន្ទរកថារបស់លោក លោក Milei នៅទីនោះ លោកក៏បានសម្តែងការគាំទ្រចំពោះសង្គ្រាមរបស់អាម៉េរិក និង អ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ព្រោះអ៊ីរ៉ង់ជាអ្នកចិញ្ជឹមក្រុមភេរវករ ។ លោក Milei បាននិយាយថា អ៊ីរ៉ង់ជារបបផ្តាច់ការដែលមិនត្រឹមតែបានឃុំឃាំងប្រជាជនរបស់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានឧទ្ទិសឲ្យមានការរីករាលដាលនៃភេរវកម្មនៅជុំវិញពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែរ។ លោក Milei ត្រូវបានអមដំណើរដោយអគ្គលេខាធិការប្រធានាធិបតី និងប្អូនស្រីរបស់លោក គឺលោកស្រី Karina Milei និងលោក Manuel Adorni ដែលជាប្រធានគណៈរដ្ឋមន្ត្រី។ នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ១៩៩២ ទីស្នាក់ការកណ្តាលការទូតអ៊ីស្រាអែលនៅក្នុងរដ្ឋធានីអាហ្សង់ទីនត្រូវបានវាយប្រហារដោយរថយន្តដឹកទំនិញដែលបើកបរដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត និងផ្ទុកដោយគ្រឿងផ្ទុះ ដែលបានសម្លាប់មនុស្ស ២៩នាក់។ ពីរឆ្នាំក្រោយមក នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៩៤ គ្រាប់បែកមួយគ្រាប់ទៀតក័បានបំផ្ទុះនៅមជ្ឈមណ្ឌលសហគមន៍ជ្វីហ្វ AMIA ផងដែរ ដោយបានសម្លាប់មនុស្ស ៨៥នាក់ និងរបួស ៣០០នាក់។ នៅខែមេសា ឆ្នាំ២០២៤ តុលាការអាជ្ញាកណ្តាលរបស់ប្រទេសអាហ្សង់ទីនបានចេញសេចក្តីសម្រេចចុងក្រោយលើការបំផ្ទុះស្ថានទូតក្នុងឆ្នាំ ១៩៩២ និងការបំផ្ទុះគ្រាប់បែក AMIA ក្នុងឆ្នាំ ១៩៩៤ សម្រេចថា អ៊ីរ៉ង់គឺជាអ្នកបញ្ជាឱ្យមានការវាយប្រហារនេះ ហើយក្រុមហេសបូឡាគឺជាអ្នកអនុវត្តវា ហើយសេចក្តីសម្រេចនេះបានប្រកាសជាផ្លូវការថា អ៊ីរ៉ង់ជា “រដ្ឋភេរវករ” សម្រាប់អាហ្សង់ទីន៕
សម្រួលអត្ថបទ៖ សុផារិន្ទ



