នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Netanyahu បញ្ជាក់ថាមិនដល់២៤ម៉ោងផង កងកម្លាំងរបស់ខ្លួនបានកម្ចាត់មេដឹកនាំភេរវករពីរនាក់របស់អ៊ីរ៉ង់និងជាមនុស្សជំនិតរបស់លោកតា Khamenei បានជោគជ័យ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាត្រឹមតែក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ អ៊ីស្រាអែល «បានកម្ចាត់មេដឹកនាំភេរវករពីរនាក់» នៅក្នុងប្រទេសអ៊ីរ៉ង់បានហើយ។ លោក Netanyahu បាននិយាយបែបនេះក្នុងសុន្ទរកថាវីដេអូមួយដោយសង្កត់ធ្ងន់ថា «យន្តហោះរបស់យើងបានកំពុងវាយប្រហារទៅលើក្រុមភេរវករដែលស្ថិតនៅចំណុចប្រសព្វក្នុងទីលាននៃទីក្រុង» ដែលនេះមានន័យថា អំឡុងពេលដែលប្រជាជនអ៊ីរ៉ង់ដ៏សែនអង់អាចបានប្រារព្ធពិធីបុណ្យភ្លើង ជាការអបអរសាទរ និងរីករាយក្នុងទិវា Nowruz យើងក៏កំពុងមើលពួកគេពីលើដែរ។ លោកបាននិយាយថា ពួកយើងបានសម្លាប់មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់២នាក់ ដែលជាការវាយប្រហារដ៏ធំមួយ ដែលមានគោលបំណងធ្វើឱ្យភាពជាអ្នកដឹកនាំរបស់សាធារណរដ្ឋអ៊ីស្លាមត្រូវចុះខ្សោយបន្ថែមទៀត ខណៈដែលប្រទេសនេះអាចនឹងប្រឈមមុខនឹងការសាកល្បងដ៏ធំបំផុតរបស់ខ្លួនក្នុងសង្រ្គាមមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះដែរ។ ជនទាំងពីនោះគឺមានឈ្មោះ Ali Larijani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ និងឧត្តមសេនីយ៍ Gholam Reza Soleimani ប្រធានកងកម្លាំង Basij ជាអ្នកដឹកនាំកងស្ម័គ្រចិត្តទាំងអស់របស់កងការពារបដិវត្តន៍អ៊ីរ៉ង់ ត្រូវបាន «កម្ចាត់ចោលហើយកាលពីយប់មិញ» នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz។ ហើយនាព្រឹកថ្ងៃពុធនេះ ប្រទេសអ៊ីរ៉ង់ពិតជាបានបញ្ជាក់ពីការស្លាប់របស់លោក Ali Larijani ដែលលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់ខ្លួនប្រាកដមែន។ ដោយយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Larijani ត្រូវបានគេសម្លាប់ជាមួយនឹងកូនប្រុសរបស់លោកដែលមានឈ្មោះថា Morteza Larijani និងប្រធានការិយាល័យរបស់គាត់គឺលោក Alireza Bayat ក៏ដូចជាឆ្មាំបដិវត្តន៍ជាច្រើនរូបទៀត។ អ៊ីរ៉ង់បានបញ្ជាក់ពីករណីសម្លាប់ពួកគេ គឺដោយសារការបាញ់មីស៊ីល និងប្រើយន្តហោះគ្មានមនុស្សបើកទៅលើរបស់ប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ និងអ៊ីស្រាអែលប្រាកដមែន។ អ៊ីរ៉ង់បញ្ជាក់ថា លោក Larijani ត្រូវបានគេចាត់ទុកថាជាឥស្សរជនដ៏មានឥទ្ធិពលបំផុតម្នាក់នៅក្នុងប្រទេសចាប់តាំងពីមេដឹកនាំកំពូល Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅថ្ងៃដំបូងនៃសង្គ្រាមរបស់ពួកគេជាមួយអាម៉េរិកនិងអ៊ីស្រាអែល។ ហើយបុរសទាំងពីរនាក់គឺជាគន្លឹះសោរដ៏សំខាន់ក្នុងការបង្ក្រាបដោយហិង្សារបស់អ៊ីរ៉ង់ទៅលើការតវ៉ាកាលពីខែមករា ដែលបានប្រឈមនឹងការគ្រប់គ្រងរយៈពេល៤៧ឆ្នាំរបស់រដ្ឋឥស្លាមដ៏មានឥទ្ធិពលដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



