អ៊ីស្រាអែលបានវាយប្រហារអគារមួយកន្លែងបានសម្រេចជាលើកទី៤ក្នុងទីក្រុងបៃរូត ប្រទេសលីបង់! ក្រោយបរាជ័យ៣លើកដោយកំណត់គោលដៅក្រុមបក្ខពួកអ៊ីរ៉ង់
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើអគារអាផាតមិនមួយកន្លែងនៅ Bachoura នាកណ្តាលទីក្រុងបៃរូត ដែលកងទ័ពអ៊ីស្រាអែលបានចេញសេចក្តីព្រមានឱ្យប្រជាជនត្រូវជម្លៀសខ្លួនចេញប្រហែលមួយម៉ោងមុន ដោយបានបំផ្លាញអគារនេះទាំងស្រុងនៅព្រឹកព្រលឹមថ្ងៃពុធនេះ។ មានផ្សែងហុយៗចេញពីទីតាំងនោះ ខណៈដែលរថយន្តបើកបរឆ្លងកាត់ដែរ។ នេះជាលើកទី៤ហើយ ដែលអគារនេះត្រូវបានគេកំណត់ជាគោលដៅវាយប្រហារ បន្ទាប់ពីការវាយប្រហារចំនួន៣លើកនៅថ្ងៃទី ១២ ខែមីនា ប៉ុន្តែមិនបានជោគជ័យក្នុងការបំផ្លាញវានោះទេ។ ពីមុនកងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងកំណត់គោលដៅទីតាំងនោះ ដោយចោទប្រកាន់ក្រុមហេសបូឡាថាបានរក្សាទីតាំងនេះទុក “ដើម្បីតម្កល់ប្រាក់រាប់លានដុល្លារដែលមានបំណងផ្តល់ហិរញ្ញប្បទានដល់សកម្មភាពរបស់ខ្លួន” ប៉ុន្តែខ្លួនក៏មិនបានផ្តល់ភស្តុតាងជាក់ស្តែងដែរ។ ការវាយប្រហាររបស់អ៊ីស្រាអែលដែលកំណត់គោលដៅភាគកណ្តាលទីក្រុងបៃរូត គឺវានៅឆ្ងាយពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុង ដែលកងទ័ពបានចេញសេចក្តីជូនដំណឹងឲ្យជម្លៀសមនុស្សចេញដូចគ្នាដូចកាលពីពេលចាប់ផ្តើមធ្វើសង្គ្រាមជាមួយក្រុមហេសបូឡា – ដែលស្ថានភាពនេះជាញឹកញាប់វាបានក្លាយជាទម្លាប់កាន់តែខ្លាំងឡើងៗក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយពេលខ្លះមានឬពេលខ្លះគ្មានការជូនដំណឹងព្រមានជាមុនក៏មានដែរ។ កងទ័ពអ៊ីស្រាអែលបាននិយាយនាព្រឹកថ្ងៃពុធនេះថា ខ្លួនបានចាប់ផ្តើមរលកវាយប្រហារថ្មីដែលកំណត់គោលដៅក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់ “ដើម្បីឆ្លើយតបទៅនឹងការបាញ់ចូលរបស់ពួកគេទៅក្នុងទឹកដីអ៊ីស្រាអែល” ខណៈដែលវាបានបង្កើនការវាយប្រហារនៅទូទាំងតំបន់ជាច្រើនសងសឹកវិញ ហើយហេតុការណ៍ព្រឹកនេះក៏មិនមានអ្នករងរបួសត្រូវបានរាយការណ៍ភ្លាមៗនោះទេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



