សមត្ថកិច្ចបង្ក្រាបទីតាំងឆបោកតាមអនឡាញ ក្នុងបុរីប៉េងហួត ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនជាតិចិន ១៩នាក់

កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការចុះ បង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online Scams មួយកន្លែង ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ១៤ ផ្លូវ M០៥ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ជនជាតិចិន១៩នាក់ និងដកហូតសម្ភារៈភស្តុតាងរួមាន: ទូរសព្ទដៃ ១២៣គ្រឿង, កុំព្យូទ័រ All in One ០៨ គ្រឿង, ម៉ូនីទ័រ ០២ គ្រឿង , កុំព្យូទ័រយួរដៃ ០១គ្រឿង, CPU ០១គ្រឿង មួក និងឯកសណ្ឋានក្លែងបន្លំជាសមត្ថកិច្ចចិន ចំនួន ០៣ កំប្លេ ។

ប្រតិបត្តិការបង្រាប កាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ ធ្វើឡើង ក្រោមការបញ្ជាដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យទាំងនេះ បានប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងបង្កប់ដើម្បីធ្វើសកម្មភាពឆបោកតាមអនឡាញ Online Scams ក្រោមរូបភាពក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែង ជាសមត្ថកិច្ចប្រទេសចិន។

បច្ចុប្បន្នចំពោះជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦ ។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕