រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួង ទេសចរណ៍ ពិភាក្សាលើសេចក្ដីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍ ៥ឆ្នាំ (២០២៦-២០៣០) ដើម្បីសម្រេចចក្ខុវិស័យ “តារារះនាទិសនិរតី”
រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំសិក្ខា សាលាស្ដីពី «កិច្ចពិភាក្សាលើសេចក្ដី ព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ៥ឆ្នាំ ២០២៦-២០៣០» ក្នុង គោលបំណងប្រមូលធាតុចូលសំខាន់ៗ ដើម្បីជំរុញវិស័យទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញ និងមានចីរភាព។
សិក្ខាសាលានេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម មហាំម៉ាត់ យូណេះ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពី លោក សាមុត សធារិទ្ធ អភិបាលរង ខេត្ត តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងវិស័យឯកជន។
ក្នុងពិធីបើកសិក្ខាសាលា លោកអភិបាលរងបានលើកឡើងថា ផែនការអភិវឌ្ឍន៍ ៥ឆ្នាំនេះ គឺជាយុទ្ធសាស្ត្រគន្លឹះក្នុងការលើកស្ទួយខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី» និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ លោកបានបញ្ជាក់ថា៖
• ការអភិវឌ្ឍទេសចរណ៍បៃតង៖ ស្របតាមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ខេត្តកំពុងពន្លឿនការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង (ស្អាត និងវៃឆ្លាត) ដើម្បីបង្កើតការងារ និងសមធម៌។
• ការពង្រឹងសេវាកម្ម៖ រដ្ឋបាលខេត្តកំពុងយកចិត្តទុកដាក់លើការស្ដារហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទេសចរណ៍គ្រប់ប្រភេទ រួមទាំងការរក្សាភាពញញឹម និងបដិសណ្ឋារកិច្ចល្អ ដើម្បីឱ្យខេត្តក្លាយជាគោលដៅទេសចរណ៍ឈានមុខដែលផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវ។
បន្ទាប់ពីបានស្ដាប់បទបង្ហាញរបស់ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍រួចមក ឯកឧត្តម មហាំម៉ាត់ យូណេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផែនការនេះ ក្នុងបរិបទនៃការប្រកួតប្រជែងទេសចរណ៍កាន់តែខ្លាំង។ ឯកឧត្តមបានលើកឡើង និងផ្ដាំផ្ញើចំណុចសំខាន់ៗដូចជា៖
• យន្តការវាយតម្លៃ និងការអនុវត្ត៖ ធាតុចូលដែលទទួលបានពីកិច្ចពិភាក្សាគឺជាមូលដ្ឋានគ្រឹះដ៏មានតម្លៃសម្រាប់ការអនុវត្តផែនការឱ្យមានប្រសិទ្ធភាព និងច្បាស់លាស់។
• សក្ដានុពលខេត្តព្រះសីហនុ៖ ខេត្តនេះគឺជាគោលដៅទេសចរណ៍យុទ្ធសាស្ត្ររបស់កម្ពុជា ដែលមានទាំងធនធានធម្មជាតិ កោះ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរឹងមាំ។
• ការផ្ដាំផ្ញើដល់ភាគីពាក់ព័ន្ធ៖ ឯកឧត្តមបានដាស់តឿនដល់គ្រប់អង្គភាព និងវិស័យឯកជន ឱ្យបន្តសហការគាំទ្រ និងសម្របសម្រួល ដើម្បីឱ្យក្រុមការងារអាចបញ្ចប់ផែនការនេះឱ្យទាន់ ត្រីមាសទី១ ឆ្នាំ២០២៦ តាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
• ការពង្រឹងគណៈកម្មាធិការ៖ ត្រូវបន្តពង្រឹងយន្តការគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ដើម្បីអនុវត្តផែនការសកម្មភាពអន្តរវិស័យឱ្យទទួលបានលទ្ធផលខ្ពស់បំផុត។
សម្រួលអត្ថបទ៖ ម៉ារ៉ាឌី



