កម្មករ រោងចក្រ ជេ ស្តារ ហ្គារម៉ិន យល់ព្រម និងឯកភាពទទួលយកដំណោះស្រាយ៦ចំណុច

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្ទាប់ពីមាន ការទាមទាររបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ ជេ ស្តារ ហ្គារម៉ិន ដែលមានទីតាំងស្ថិតនៅតាមបណ្តយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពេលនេះត្រូវបានដោះស្រាយបញ្ចប់ ដោយភាគីទាំងពីរ ឯកភាពទទួលយកដំណោះស្រាយ ៦ចំណុច នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។

អ្នកនាំពាក្យបានអះអាងថា «ក្រោយទទួលបានដំណឹងពីកង្វល់របស់បងប្អូនកម្មករនិយោជិត មន្រ្តីជំនាញរបស់ក្រសួង មន្ទីរ និងអាជ្ញាធរមូលដ្ឋាន បានចុះដោះស្រាយភ្លាមៗ និងបានពន្យល់ពីទិដ្ឋភាពច្បាប់ និងបានពិនិត្យលើការអនុវត្តរបស់ក្រុមហ៊ុន មុននឹងឈានដល់ការឯកភាពចំនួន ៦ចំណុច»។

ឯកឧត្តម ស៊ុន មេសា បានឱ្យដឹងទៀតថា ការឯកភាពទាំង ៦ចំណុចរួមមាន ក្រុមហ៊ុនរក្សាការផ្តល់ប្រាក់រង្វាន់ធ្វើការទៀងទាត់ជូនកម្មករនិយោជិត ១០ដុល្លារក្នុងមួយខែ, ក្រុមហ៊ុនរក្សាការបើកប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅដដែលជូនកម្មករនិយោជិត ៧ដុល្លារក្នុងមួយខែ និងការផ្តល់ប្រាក់ថ្លៃបាយថ្ងៃត្រង់ចំនួន ២ពាន់រៀល និងផ្តល់ប្រាក់ថ្លៃបាយធ្វើការថែមម៉ោង ២ពាន់រៀលក្នុងម្នាក់ជាដើម។

ឯកឧត្តម បន្ថែមថា ជាមួយគ្នានេះ ក្រសួងការងារអំពាវនាវឱ្យនិយោជក និងកម្មករនិយោជិតទាំងអស់គោរពលទ្ធផលដំណោះស្រាយទាំង ៦ចំណុច ដោយសហការអនុវត្តតាមបទប្បញ្ញត្តិច្បាប់ ដោយចៀសវាងធ្វើសកម្មភាពប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន និងផលប្រយោជន៍រួមរបស់កម្មករនិយោជិតផ្សេងទៀតដែលបាននិងកំពុងខិតខំធ្វើការនៅក្នុងក្រុមហ៊ុន៕