ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញធ្វើទស្សនកិច្ចទៅទីភ្នាក់ងារអវកាសជប៉ុននិងក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន
ឆ្លៀតក្នុងឱកាសអញ្ជើញទៅចូលរួមកិច្ចប្រជុំលើកទី២នៃក្រុមប្រទេសជាមិត្ត (Friends Group) នៃ “ដំណើរការហ៊ីរ៉ូស៊ីម៉ាស្ដីពីបញ្ញាសិប្បនិម្មិត” (Hiroshima AI Process) នាថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអញ្ជើញទៅធ្វើទស្សនកិច្ចការងារ នៅទីភ្នាក់ងាររុករកអវកាសជប៉ុន (Japan Aerospace Exploration Agency) ដើម្បីស្វែងយល់អំពីការអភិវឌ្ឍនិងការប្រើប្រាស់អវកាស ជាពិសេសផ្កាយរណប ដែលជាផ្នែកមួយកំពុងជឿនលឿននៃបច្ចេកវិទ្យាទូរគមនាគមន៍និងឌីជីថល។
ក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានទទួលជំនួបពិភាក្សាការងារជាមួយនឹងក្រុមហ៊ុនជប៉ុនចំនួន៣ គឺក្រុមហ៊ុន Nippon Koei ក្រុមហ៊ុន Magna Wireless និងក្រុមហ៊ុន NextMake។ ក្រុមហ៊ុន Nippon Koei ជាក្រុមហ៊ុនសិក្សារៀបចំផែនការមេ (Master Plan) នៃគម្រោងសួនឌីជីថល (Digital Park) ជូនក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្រុមហ៊ុននេះ មានប្រវត្តិទំនាក់ទំនងយូរអង្វែងជាមួយកម្ពុជា ដោយបានទទួលគ្រឿងឥស្សរិយយសពីព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ១៩៥៨ ក្នុងការចូលរួមអភិវឌ្ឍផ្លូវទឹកនិងផ្លូវដែកនៅកម្ពុជា។ រីឯក្រុមហ៊ុន Magna Wireless ជាក្រុមហ៊ុនផលិតគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ រួមមានឧបករណ៍ប្រើបច្ចេកវិទ្យាទូរគមនាគមន៍ចល័តជំនាន់ទី៥ (5G) ដែលមានឡេតថិនស៊ីទាប (low-latency) សឺមីកុងឌុចទ័រ និងបន្ទះឈីប។ កិច្ចពិភាក្សានេះ គឺដើម្បីពិនិត្យលទ្ធភាពឱ្យក្រុមហ៊ុន Magna Wireless មកដាក់ទីតាំងក្នុងសួនឌីជីថលនៅកម្ពុជា។ ចំពោះជំនួបជាមួយក្រុមហ៊ុន NextMake គឺដើម្បីពិភាក្សាការងារលើការរៀបចំបញ្ជូននិស្សិតជំនាញឌីជីថល ជំនាន់ទី១ ដែលចេះភាសាជប៉ុន មកធ្វើការងារនៅប្រទេសជប៉ុនក្រោមកម្មវិធី IT Pathway ដែលគាំទ្រដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ដំណើរទស្សនកិច្ចនេះ ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងវិស័យឌីជីថលរវាងកម្ពុជានិងជប៉ុន ដែលមានការរីកចម្រើនជាលំដាប់ តាមរយៈការស្វែងយល់អំពីការអភិវឌ្ឍនិងប្រើប្រាស់អវកាស ការវិនិយោគក្នុងវិស័យឌីជីថល ទូរគមនាគមន៍ ធនធានមនុស្សឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ៕



